ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ជិះម៉ូតូឆ្លងថ្នល់មិនប្រយ័ត្នត្រូរថយន្តបុកស្លាប់នៅក្រោមរថយន្ត

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈដែលរូបគាត់ជិះម៉ូតូបើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្ត ១គ្រឿង បើកក្នុងល្បឿនលឿនបុកចំយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៧ និង ១០នាទី ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នេះ បុរស ចំណុចមុខភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដាC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១ JF-៦៥២៤ បើកបរដោយឈ្មោះ ភុន វ័ន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ធ្វើដំណើរបញ្ច្រាសទិសគ្នានឹងរថយន្តពីខាងលិចទៅទិសខាងកើត។ លុះដល់ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវទៅស្ដាំ ស្របពេលដែលឆ្លងផ្លូវដល់ពាកកណ្តាលផ្លូវ ក៍មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៤៤៣២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បើកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញ-កំពង់សោម) បុកចំពីមុខម៉ូតូពេញទំហឹងធ្វើឲ្យម៉ូតូ និងអ្នកជិះត្រូវរថយន្តកិនពីលើស្លាប់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរបានទៅដល់វាស់វែង ហើយសន្និដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ហើយរថយន្តបើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជនទៀត។ សាសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិចយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖