ខេតមណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ចែកមួកការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ជាង២០០នាក់ដែលធ្វើចរាចរណ៍នៅលើដងផ្លូវ ។
យុទ្ឋនាការចែកមួកសុវត្ថិភាពនេះបានធ្វើឡើងនៅ ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅរង្វង់មូលគោព្រៃ ក្នុងក្រុងសែនមនោរម្យ ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរពាក់ព័ន្ឋជាច្រើនរូប។
លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានថ្លែងថា ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃ ធ្វើឲ្យមានប្រជាពលរដ្ឋរងគ្រោះរហូតដល់បាត់បង់ជីវិត ដោយសារតែមិនមានពាក់មួកការពារសុវត្ថិភាព។
លោកបន្តថា សកម្មភាពចុះចែកមួកដល់អ្នកបញ្ជាទោចក្រយានយន្តនាពេលនេះ គឺជាការដាស់ស្មារតីដល់អ្នកបើកបរទាំងឡាយ ឲ្យមានការប្រុងប្រយ័ត្នលើបញ្ហាសុវត្ថិភាពក្នុងពេលបើកបរ ព្រោះនៅពេលមានការប៉ះទង្គិចដោយប្រការណាមួយមួកសុវត្ថិភាពអាចការពារក្បាលរបស់អ្នកពីគ្រោះថ្នាក់ទាំងនោះបានយ៉ាងមានប្រសិទ្ធភាព។
លោក ម៉ៅ ធនារក្ស ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា យុទ្ឋនាការនេះក្រៅពីចែកមួកជូនដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ មន្ត្រីជំនាញ និងសមត្ថកិច្ចផ្នែកចរាចរណ៍ក៏បានអប់រំផ្សព្វផ្សាយដល់អ្នកធ្វើចរាចរណ៍តាមទ្រូងផ្លូវទាំងឡាយត្រូវប្រកាន់នូវស្មារតីប្រុងប្រយ័ត្នយោគយល់អធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនមិនត្រូវបើកបរលើសល្បឿនកំណត់។
លោកម៉ៅ ធនារក្ស ក៏បានបញ្ជាក់ដែរថា ការធ្វើសកម្មភាពចែកមួកនេះគឺបានធ្វើរួមគ្នាទូទាំងប្រទេសក្នុងថ្ងៃតែមួយការ លើកកម្ពស់សុវត្ថិភាពរបស់អ្នកដំណើរបង្ការគ្រោះថ្នាក់នានា ដែលកើតមានជាយថាហេតុ។
ជាពិសេសចំពោះអ្នកបើកបរម៉ូតូ ដែលមិនពាក់មួកការពារឲ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ច ជាពិសេសត្រូវពាក់មួកគ្រប់ពេលធ្វើដំណើរ៕ សហការី