ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកពញាឮចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនសកម្មម្នាក់នៅត្រង់ចំណុចផ្ទះជួល

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮធ្វើការចាប់ខ្លួន ខណៈដែលជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពជួញដូរថ្នាំញៀនត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ មាន រិទ្ធ ហៅ វ៉េវ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៦កញ្ចប់ (កញ្ចប់ធំ០២ និងកញ្ចប់តូច១៤) ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួនគ្រឿង ,ឧបករណ៏វិចខ្ចប់និងប្រើប្រាសសារធាតុញៀនមួយចំនួន ,ម៉ូតូ១គ្រឿង និងទូរសព្ទ័ដៃ១គ្រឿង ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំកំពង់លួង ស្រុកពញាឮ ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ តែពុំទាន់មានវត្ថុងតាងណាមួយដើម្បីដាក់បន្ទុកជនសង្ស័យបានឡើយ ។ លុះមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀនត្រង់ចំណុចផ្ទះជួលក្នុងភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះកម្លាំងសមត្ថកិច្ចស្រុកបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់លួង ចុះធ្វើការចាប់ខ្លួនជនសង្ស័យនិងធ្វើការឆែកឆេររហូតរកឃើញថ្នាំញៀនចំនួន១៦កញ្ចប់រួមទាំងវត្ថុតាងផ្សេងទៀត ឈានដល់ចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះគឺជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញជនម្នាក់ នៅស្វាយប៉ាក រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត ក្នុងមួយកញ្ចប់តូចតម្លៃ៣ម៉ឺនរៀល ៕ ស្អាងជ័យ


ចែករំលែក៖