ព័ត៌មានទាន់ហេតុការណ៍៖

ស៊យនោះស៊យ! ឆក់កាបូបបានលុយតែ៤ពាន់រៀលហើយត្រូវពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយ តែក្នុងកាបូបនោះមានលុយតែ៤ពាន់រៀលប៉ុណ្ណោះ ហើយក៍ជាថ្ងៃស៊យរបស់លោកចោរផងដែរ ដែលខំប្រឹងរត់គេចខ្លួន តែរត់មិនរួចត្រូវ ជនរងគ្រោះស្រែកចោរៗ ផ្អើលដល់ពលរដ្ឋចេញមកឡោបព័ទ្ធចាប់ខ្លួនបានភ្លាមៗហើយក៍ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤និង២០នាទីរសៀល តាមផ្លូវបេតុងភូមិសំរោង សង្កាត់ឃ្មួញ រត់គេចទៅ តាមផ្លូវលំ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទើបចាប់បាន ។

ជនសង្ស័យឈ្មោះ អុល ផាន្នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ជាមធ្យោបាយ ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ែន ឈិន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នៅក្នុងកាបូបមានលុយ៤ពាន់រៀលតែប៉ុណ្ណោះ បើគិតទៅកាបូបរបស់គាត់ថ្លៃជាងលុយមាននៅខាងក្នុងទៅទៀត(គាត់មិនដាក់លុយច្រើនតាមខ្លួន) ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែលជិះម៉ូតូ ម្នាក់ឯង ម៉ាក ហុងដា សេ១២៥ សេរី២០០៨ ធ្វើដំណើរចេញពីរោងចក្រ ឆ្ពោះទៅផ្ទះ កាត់តាមផ្លូវបេតុងភូមិសំរោង ពីកើតទៅលិច ហើយកាបូប មានលុយ៤ពាន់រៀល និងក្រដាស់បុង រោងចក្រ ដាក់សៀតនិងទូកម៉ូតូ ស្រាប់តែជនសង្ស័យ ជិះម៉ូតូសង់កូរ៉េតាមមកពីក្រោយ ដល់ទន្ទឹម ក៏ធ្វើសកម្មភាពឆក់យកកាបូប បានសម្រេចហើយ ព្យាយាមបើករត់គេច តែជនសង្ស័យរត់គេចតាមផ្លូវណាមិនរត់ បែរជារត់គេចទៅផ្លូវសំដៅផ្ទះខ្លួនឯងទៀត នឹកស្តាយកាបូប ជាងលុយ គាត់ក៏ស្រែកចោរៗ ដេញតាមពីក្រោយ ទៅដល់ភូមិសែនសុខ៥ ពលរដ្ឋស្គាល់គាត់ច្រើនក៏នាំគ្នាជួយដេញព័ទ្ធចាប់បានជនសង្ស័យភ្លាមៗ ។

តាមសម្តីជនសង្ស័យវិញ និយាយបណ្តើរ គ្រវីក្បាលតតាត់ដូចគោត្រូវស្រាំងទិចបណ្តើរថា ក្រោយពីឃើញកាបូប ស្អាត សៀតនឹងម៉ូតូ នឹកថាមានលុយច្រើនសម្បើមហើយ ទើបសម្រេចធ្វើសកម្មភាពឆក់យក ទាំងអារម្មណ៍មួយច្បាស់ជាបានលុយច្រើនហើយ ទើបធ្វើសកម្មភាពមួយនេះ ផ្ទុយទៅវិញ ពលរដ្ឋចាប់បាន ពិនិត្យមើលក្នុងកាបូបមានលុយតែ៤ពាន់រៀលប៉ុណ្ណោះ ចប់ប៉ាដោយ មិនគួរណាលុយ៤ពាន់រៀល ធ្វើឲ្យខ្លួនគាប់គុកច្នឹងសោះ ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅ ប៉ុស្តិ៍ឃ្មួញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ៕ តុង សីហា

 

 


ចែករំលែក៖