ភ្នំពេញ៖ ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) លើកទីពីរដែលជាកម្មវិធីរៀបចំឡើងដោយរោងភាពយន្ត (Legend Cinema) បានបញ្ចប់ដោយជោគជ័យ ដោយស្វែងរកឃើញភាពយន្តលេចធ្លោរប្រចាំឆ្នាំ។ ពានរង្វាន់ពីរគឺពានរង្វាន់ភាពយន្តខ្មែរប្រចាំឆ្នាំ២០១៧ និងពានរង្វាន់ភាពយន្តប្រចាំឆ្នាំ២០១៧។
ការប្រកាសពីជ័យលាភីនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៩ ខែធ្នូនេះ ក្នុងបរិវេណផ្សារទំនើបTK Avenue ក្រោយពីដាក់ឲ្យមានការបោះឆ្នោតពីសំណាក់ប្រិយមិត្តនៅលើគ្រប់គេហទំព័ររបស់រោងភាពយន្តលេជេនកាលពីពេលថ្មីៗនេះ។
ភាពយន្ត “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ឬ‘First They Killed My Father’ ត្រូវបានផលិតដោយកំពូលតារាសម្ដែងលំដាប់ពិភព លោកស្រី Angelina Jolie និងបានប្រកាសចាក់បញ្ចាំងកាលពីអំឡុងខែកញ្ញាកន្លងទៅ។
មុនទទួលបានជ័យលាភីខាងលើរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” បានជ្រើសរើសខ្សែភាពយន្តមួយក្នុងចំណោមភាពយន្តចំនួន១០រឿង ទាំងរឿងជាតិ និងអន្តរជាតិ ដែលរកប្រាក់ចំណូលបានច្រើនជាងគេ ប្រចាំឆ្នាំ២០១៧ នៅរោងភាពយន្តលេជេន មកដាក់ប្រកួតប្រជែងគ្នា។
ការបោះឆ្នោតមាន២ដំណាក់កាលធំៗ ដែលដំណាក់កាលទី១ពានរង្វាន់ខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១៥រហូតដល់់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។ រីឯដំណាក់កាលទី២ ពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី២១ រហូតដល់់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។
ប្រធានប្រតិបត្តិរោងភាពយន្តលេជេនអ្នកស្រីគីវ ឆវ៉េត បានថ្លែងថា នេះគឺជាលើកទី២ហើយដែលរោងភាពយន្តលេជេនរៀបចំព្រឹត្តិការណ៍បែបនេះឡើង គឺក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា ហើយវាក៏នឹងក្លាយជាព្រឹត្តិការជួបជុំសិល្បករផលិតករនិងអ្នកពាក់ព័ន្ធវិស័យភាពតយន្តផងដែរ។ អ្នកស្រីថា ពីមួយថ្ងៃទៅមួយថ្ងៃគុណភាពនៃការផលិតភាពយន្តខ្មែរកាន់តែមានការវិវឌ្ឍន៍ ឈានឡើងជាបន្តបន្ទាប់គួរឲ្យកក់សម្គាល់។ លោកស្រីរំពឹងដែរថា ព្រឹការណ៍ពិសេសបែបនេះ នឹងបន្តរៀបចំឲ្យមាននៅចុងឆ្នាំក្រោយបន្តទៀតផងដែរ។
អ្នកស្រីក៏ថ្លែងអំណរគុណយ៉ាងខ្លាំងដល់ម្ចាស់ឧបត្ថម្ភធំពី ក្រុមហ៊ុននាំចូលនិង ចែកចាយភាពយន្ត WML ផលិតកម្ម Kongchak Pictures អេអាយអេ (ខេមបូឌៀ) ឡាយហ៏ អ៊ិនសូរេន (AIA), Uber, សហការឧបត្ថម្ភដោយ KOI Café, Joma Café Bakery Cambodia និងបណ្តាឧបត្ថម្ភផ្សេងៗទៀត។
លោក ឈាង ឆដាភ័ក្រប្រធានការិយាល័យពិនិត្យខ្លឹមសាររូបភាព និងចំណាត់ថ្នាក់ភាពយន្ត បានថ្លែងការដោតសរសើរចំពោះកម្មវិធីភាពយន្តប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) លើកទីពីរ ដែលឆ្លុះបញ្ចាំងពីការយកចិត្ត ទុកដាក់ និងលើកកម្ពស់វិស័យភាពយន្តនៅក្នុងស្រុក។ លោកបញ្ជាក់ថា សម្រាប់ការសុំទិដ្ឋាការក្នុងការផលិតភាពយន្តក្នុងឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំមុន ទាំងភាពយន្តខ្នាតធំ និងភាពយន្តភាគ ក្នុងនោះក៏មានភាពយន្តដែលផលិតដោយឧហ្សាហកម្មភាពយន្តបរទេសជាច្រើនផងដែរ។ លោករំពឹងដែរថា ព្រឹត្តិការណ៍នេះនឹងកើតមានជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជា៕ វឌ្ឍនា