ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់ជាក់ស្តែងករណីលួច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីលួច( ឈើនិងគំរាមដុតផ្ទះ) កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្រុម៧ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះម្ចាស់ឈើឈ្មោះ ម៉ូត យឿន ភេទ ប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ១៧៩៧ ក្រុមទី ៧ ភូមិ ឃ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ មុខរបរ លក់ដូរ ។

ជនសង្ស័យឈ្មោះ សេន រ៉ យ៉ា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ១៩៥០ក្រុម ៧ ភូមិ ឃ សង្កាត់ច្រាំងចំរេះ ២ ខ័ណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ សម្ភារដកហូតៈ ១. ឈើ ចំនួន ០៤ ដើម ។

យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៧វេលាម៉ោង៩និង៣០ព្រឹក ជនរងគ្រោះបានទុកឈើនៅក្រោយផ្ទះ ស្រាប់តែជនសង្ស័យឈ្មោះសេន រ៉ យ៉ា បានធ្វើសកម្មភាពលួចឈើយកមកដាក់លើថ្នល់ភ្លាមៗនោះ ម្ចាស់ឈើក៏ដេញចាប់ជនសង្ស័យ ហើយជនសង្ស័យក៏បានរត់គេចខ្លូនបាត់ ។

ក្រោយពេលកើតហេតុជនរងគ្រោះក៏មកដាក់ពាក្យបណ្តីងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ ក្រោយពីទទួលពាក្យបណ្តឹងកំលាំងខណ្ឌ សហកាជាមួយនគរបាលប៉ុស្តិ៍បានចុះស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ឃាត់ខ្លួនជនសង្ស័យនៅចំណុចក្រុម ៧ ភូមិ ឃ សង្កាត់ច្រាំងចំរេះ២ នៅវេលាម៉ោង ៨និង៣០យប់ យកមកប៉ុស្តិនគរបាលរដ្ឋបាលច្រាំងចំរេះ ២ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនិតិវិធី ៕ អារុណរះ


ចែករំលែក៖