ភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិបានប្រារព្ធពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៨ (BELTEI CHAMPIONS TROPHY 201៨)ដែលមានក្រុមប្រកួត U-13 ចំនួន ១៨ និងU-16 ចំនួន ១៦ក្រុម មកពីសាលា ប៊ែលធី ទាំង ១៨សាខា និងមានសិស្សានុសិស្ស ចូលរួមគាំទ្រ ចំនួនជាង ៥.០០០នាក់ នៅទីលានវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។
លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថាៈ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៨ (BELTEI CHAMPIONS TROPHY 201៨) នេះ គឺជាកម្មវិធីថ្មីមួយបន្ថែមទៀតរបស់ សាលា ប៊ែលធី អន្តរជាតិ ដែលបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក្នុងការពង្រឹងលើវិស័យកីឡាគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូលកម្មវិធីកីឡានេះ ទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស។
កន្លងមក សាលា ប៊ែលធី អន្តរជាតិ បានបញ្ចូលកម្មវិធីកីឡា ២ប្រភេទ រួចមកហើយ រួមមាន៖
១-អប់រំកាយសម្រាប់សិស្សថ្នាក់ទី១-៦
២-កីឡា តៃក្វាន់ដូ សម្រាប់សិស្សថ្នាក់ទី៧-៨
ហើយថ្ងៃនេះ យើងបានបញ្ចូលកម្មវិធីកីឡា ២ប្រភេទបន្ថែមទៀត រួមមាន៖
១-កីឡា Futsal សម្រាប់សិស្សថ្នាក់ទី១០-១២
២-កីឡា បាល់ទាត់ សម្រាប់សិស្សថ្នាក់ទី១០-១២
និងបន្តរៀបចំកីឡាសម្រាប់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។
ក្រុមកីឡាករដែលទទួលបានជ័យលាភី ជើងឯកពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៨ ចែកចេញជា ២ក្រុម គឺ ក្រុមU-13 និង ក្រុម U-16 នឹងទទួលរង្វាន់ ដូចខាងក្រោម ៖
+ ក្រុមជើងឯក (The Winner)
• ពានរង្វាន់ជើងឯកសាលា ប៊ែលធី អន្តរជាតិ
• មេដាយមាស
• ថវិកាចំនួន 3,000,000 រៀល
+ ក្រុមជើងឯករង (Runner-up)
• មេដាយប្រាក់
• ថវិកាចំនួន 2,000,000 រៀល
+ ក្រុមលេខ ៣
• មេដាយសំរិទ្ធ
• ថវិកាចំនួន 1,000,000 រៀល
+ ក្រុមលេខ ៤
• ថវិកាចំនួន 500,000 រៀល
ចំណែកឯក្រុមកីឡាករ ទាំង ២៦ក្រុម ដែលមិនបានជាប់ជ័យលាភី ក៏ទទួលបានថវិកាលើកទឹកចិត្ត ក្នុង ១ក្រុម 200,000ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យនាំគ្នាលេងកីឡាដែលអាចឲ្យសិស្សទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានមេត្រីភាព និងមានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។ លោក ក៏បានផ្តាំផ្ញើដល់ក្មួយៗ ក្រុមកីឡាករទាំង ៣៤ក្រុម ឲ្យប្រកួតជាមួយគ្នា តាមលក្ខណៈបច្ចេកទេស សីលធម៌ យុត្ដិធម៌ និងប្រកបដោយឆន្ទៈមុតមាំ ហើយចេះគោរពដៃគូប្រកួតរបស់ខ្លួន ព្រោះការប្រកួតនេះ ជាលក្ខណៈគ្រួសារប៊ែលធី បើទោះបី ឈ្នះ ឬចាញ់ ក៏នៅតែជាគ្រួសារប៊ែលធីដែរ។ លោក ក៏បានជូនពរដល់ក្មួយៗកីឡាករតាមក្រុមនីមួយៗ ទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៨នាពេលនេះផងដែរ។
បន្ទាប់មក លោកប្រធានគណៈអធិបតី បានប្រគល់បាល់ជូនក្រុមអាជ្ញាកណ្តាល ជានិមិត្តរូប នៃការបើកកម្មវិធីប្រកួតបាល់ទាត់U-13 និងU-16៕
អត្ថបទ៖ ស រស្មី