ខេត្តកំពង់ចាម ៖ ក្រោមបទបញ្ជាលោកស្នងការ នាវេលាម៉ោង៨និង៣០នាទី ដល់ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងចម្រុះមាន នគរបាលស្រុកជើងព្រៃ ស្រុកបាធាយ កម្លាំងកងរាជអាវុធហត្ថស្រុកទាំង២ កម្លាំងរដ្ឋបាលជលផលខេត្ត រួមនឹងប្រជាពលរដ្ឋបានចុះរុះរើនិងកាប់កម្ទេចចោលឧបករណ៍ល្មើសនេសាទនៅស្រុកបាធាយ និងស្រុកជើងព្រៃ ។
ការចុះបង្ក្រាបឧបករណ៍ល្មើសនេសាទនេះ ដឹកនាំដោយលោក យន់ ឈុនលៀង អភិបាល រងស្រុកជើងព្រៃ និង លោក លី ប៊ុនអ៊ន អភិបាលរងស្រុកបាធាយ ចុះរុះរើរបាំងព្រួលបិទ ផ្ជិតព្រែកស្ទឹងឆ្វេង ដែលធ្វើឲ្យស្ទះទឹកពីចំណុចព្រំប្រទល់ស្រុកបាធាយ និងស្រុកជើងព្រៃ រហូតដល់ចំណុចភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ។
កិច្ចសហការបង្ក្រាបនេះធ្វើឡើងដោយកម្លាំងចម្រុះរួមមាន ៖ កម្លាំងនគរបាលស្រុកជើង ព្រៃ នគរបាលស្រុកបាធាយ កម្លាំងកងរាជអាវុធហត្ថស្រុកទាំង២កម្លាំងរដ្ឋបាលជលផលខេត្ត និងមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ។
លោក យន់ ឈុនលៀង អភិបាលរងស្រុកជើងព្រៃបានឲ្យដឹងថា កិច្ចសហការបង្ក្រាបនេះ ជាលទ្ឋផលកម្លាំងចម្រុះបានកាប់កម្ទេចចោលឧបករណ៍ល្មើសនេសាទនៅនឹងកន្លែងចំនួន២០របាំង និង៦របាំងទៀតម្ចាស់រុះរើខ្លួនឯង ៕ វណ្ណៈ