ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តជែងជ្រុលទៅបុកម៉ូតូជិះច្រាស់ទិសគ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តមួយគ្រឿងបន្ថែមល្បឿន ជែងរថយន្តមួយគ្រឿងទៀតបើកនៅខាងមុខ គេចមិនផុតបានបុកជាមួយម៉ូតូរបស់ជនរងគ្រោះពេញមួយទំហឹង កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្តបង្កម៉ាកនីសសាន់ ធុនធំ ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PP១៤៣៣ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) រីឯជនរងគ្រោះឈ្មោះ អ៊ែល ស៊ីមន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិចំបក់ពណ្ណរាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-6219 រួមដំណើរជាមួយកូនស្រីម្នាក់ឈ្មោះ យ៉ា យី ភេទស្រី អាយុ០៨ឆ្នាំ រងរបួសស្រាល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបន្ថែមល្បឿនជែងរថយន្តមួយគ្រឿងដែលបើកស្របទិសគ្នានៅខាងមុខ តែជែងមិនផុតក៏ជ្រ្លចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះក្នុងទិសដៅច្រាសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯកូនស្រីអាយុ៨ឆ្នាំ រួមដំណើរជាមួយរងរបួសស្រាល ។ ចំណែកឯរថយន្តបានធ្លាក់ចូលក្នុងប្រឡាយទឹក អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះមកអន្តរាគមន៍ ពិនិត្យវាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតមធ្យោបាយ ពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែក ចំពោះសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ករណីខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្ត បើកខ្វះការប្រុងប្រយ័ត្ន មិនមើលស្ថានភាពផ្លូវដែលត្រូវជែង ទើបបានជាបុកម៉ូតូជនរងគ្រោះយ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖