ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែព្នៅ ឃាត់ខ្លួនជាក់ស្តែងពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅចំណុច ស្ពានឡុងឈិនថ្មី ភូមិ ផ្សារលិចសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

មន្រ្តីអាវុធហត្ថខណ្ឌព្រែព្នៅ បានឲ្យដឹងថា ជនសង្ស័យទាំង២ ដែលឃាត់ខ្លួននេះ ទី១ ឈ្មោះ ខន ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែកមានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ​ យ៉ុង ចាន់ណា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី មានទីលំនៅ ភូមិ ស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុកម្លាំងល្បាតរបស់ អាវុធហត្ថខណ្ឌ ព្រែកព្នៅ បានចេញល្បាតក្នុង ភូមិសាស្ត្រលុះដល់ត្រង់ចំណុចកើតហេតុខាងលើក៏ ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងក្នុងទិសដៅពីជើងទៅត្បូង ដោយមានការសង្ស័យ កម្លាំងល្បាតក៏ ហៅឲ្យឈប់ ត្រួតពិនិត្យរកឃើញម្ស៉ៅក្រាម ពណ៌សថ្លាចំនួន១កញ្ចប់តូច ដែលឈ្មោះ ខន ចន្ធី ជាអ្នកបើកម៉ូតូកាន់នឹងដៃឆ្វេងទំលាក់ចោលនៅជិតម៉ូតូ ភ្លាមនោះ កម្លាំងក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងយកមកអង្គភាពតែម្ដង ។

វត្ថុតាងចាប់យក-ម្ស៉ៅក្រាមព៌ណសថ្លា១កញ្ចប់តូច ម៉ូតូ១គ្រឿង ម៉ាក HONDA CUB50 ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ទូរស័ព្ទចំនួន2គ្រឿង ប្រភេទចុចពិល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ៕ ចាន់ធឿន


ចែករំលែក៖