ភ្នំពេញ៖ រថយន្តធុនធំដឹកឥដ្ឋបោះពួយយ៉ាងលលឿន ជ្រុលបុករថយន្តហុីយុនដាយសណ្តោងបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី៦នាក់របួសធ្ងន់ស្រាល ចំណែករថយន្តពីរគ្រឿងនិងរ៉ឺម៉កមួយគ្រឿងខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចផ្លូវចូលផ្ទះសំណាក់សុខា ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្ករម៉ាកអុីស៊ុយស៊ុយ ពាក់ស្លាក់លេខ ភ្នំពេញ 3E 1034 ដឹកឥដ្ឋ ចំណែករថយន្តរងគ្រោះម៉ាក ហុីយុនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 1124 រីឯរុឺម៉កដែលរងគ្រោះដែរនោះ មិនមានស្លាកលេខនោះទេ ដឹកកម្ទេចអុស។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកឥដ្ឋខាងលើបើកក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦អា លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តម៉ាកហុីយុនដាយសណ្តោង ខណៈកំពុងបើកមកពីត្បូងទៅជើង ហើយបត់មកខាងឆ្វេងដៃបណ្តាលឲ្យរថយន្តបង្កជ្រុលទៅបុករថយន្តរងគ្រោះរុញទៅបុករ៉ឺម៉កដឹកកំទេចអុស ដែលកំពុងចតត្រៀមឆ្លងផ្លូវបណ្តាលឲ្យខ្ទេសរ៉ឺម៉កនិងម្ចាស់រ៉ឺម៉កបែកប្រអប់ជើងខាងស្តាំចំណែករថយន្តបង្ករក្រឡាប់ផ្អៀងកង់ចាក់ឥដ្ឋរាយប៉ាយពេញផ្លូវនិងបណ្តាលឲ្យបុរសម្នាក់ដែលជិះពីឥដ្ឋនៅលើរថយន្តរបួសធ្ងន់រីឯបុរស៤នាក់និងនារីម្នាក់ដែលជិះក្នុងកាបុីនរថយន្តបង្កររងរបួសស្រាលចំណែករថយន្តទាំងពីគ្រឿងរងការខូចខាតកំណាត់មុខយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តអុីស៊ុយស៊ុយវិញបានឲ្យដឹងថា ខណៈខ្លួនកំពុងបើករថយន្តនោះរថយន្តហុីយុដាយបត់ដោយមិនសុីហើយខ្លួនក៏អកហ្សឺជ្រុលទៅបុកនិងបណ្តាលឲ្យក្រឡាប់រថយន្តដែលលោកបើកតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះពីរនាក់ ដែលរងរបួសធ្ងន់ គឺបុរសជិះលើឥដ្ឋ នៅរថយន្ត និងបុរសម្ចាស់រ៉ឺម៉កដែលបែកប្រអប់ជើងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យចំណែកអ្នកបើករថយន្តទាំងសងខាងរួមទាំងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់បណ្តោះអាសន្នរងចាំផ្នែកជំនាញយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕ ជ្រោយពេជ្រ