ព័ត៌មានទាន់ហេតុការណ៍៖

កាច់សោកម៉ូតូរៀបជិះចេញម្ចាស់ទាន់ដកកាំភ្លើងភ្ជង់រួចជិះគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជនសង្ស័យ២នាក់ធ្វើសកម្មភាពកាច់សោកម៉ូតូ១គ្រឿងបានសម្រេច ស្រាប់តែម្ចាស់ចេញមកទាន់ទាញដំបងដេញវាយតែត្រូវជនសង្ស័យដកកាំភ្លើងភ្ជង់ហើយជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះមួយកន្លែង តាមផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ គង ជី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ផ្ទះកើតហេតុខាងលើ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបញ្ឈរម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-5139 នៅខាងមុខ ហើយបានចូលទៅដាំបាយ នៅចង្ក្រានចំហៀងផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យ២នាក់ ជិះម៉ូតូមកឈប់មុខផ្ទះ ហើយម្នាក់ចូលទៅធ្វើសកម្មភាព កាច់សោក ម៉ូតូ បានសម្រេចហើយឡើងជិះចេញ ពេលនះ គាត់មកទាន់ ចាប់ប្រទាញប្រទង់គ្នាធ្វើឲ្យដួលម៉ូតូនៅមាត់ច្រកទ្វារ ហើយត្រូវបានជនសង្ស័យម្នាក់ទៀតជាបក្ខពួក ដកកាំភ្លើងខ្លីភ្ជង់ ធ្វើឲ្យពលរដ្ឋក្បែរខាងភ័យរួញខ្លួន មិនហ៊ានចូលជួយ រួចជនសង្ស័យលើកម៉ូតូឡើងជិះ ជ្រុលទៅបុកម៉ូតូស្កុបពីមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យដួល ហើយជនសង្ស័យបន្តលើកម៉ូតូបើករត់គេចទៅបាត់ដោយសុវត្ថិភាព ទើបផ្អើលប្រជាពលរដ្ឋហានចេញមក តែហួសពេលទៅហើយ ។

ក្រោយកើតហេតុ ភ្លាមៗសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ សាកសួរ និងឆែកពិនិត្យ មើលតាមរយៈកាមេរ៉ាសុវត្ថិភាពក្បែរនោះ ឃើញថា រូបភាពសកម្មភាព ជនសង្ស័យទាំង២នាក់ មុនចូលធ្វើសកម្មភាព ហើយ បាននាំជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ ដើម្បីងាយស្រួលសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញាដើម្បីតាមចាប់ជនសង្ស័យយកមកចាត់ការតាមនីតិវិធី៕ សុខាសែនជ័យ

ជនសង្ស័យជាចោរ២នាក់


ចែករំលែក៖