ភ្នំពេញ ៖ បុរសម្នាក់ជាមុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍វាលវង់ ខណៈដែលជនសង្ស័យខាងលើនេះ បានយកមេសោមកចាក់ពីក្រៅ ក្នុងគោលបំណងគាស់ផ្ទះប្រជាពលរដ្ឋ តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ ចេញមកនាំគ្នាចាប់ជាប់តែម្តង ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង ៥៥នាទី ទៀបភ្លឺ ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅប្លុកបូរីកីឡា ជាន់ទី១ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចាន់រិទ្ធ អាយុ ៣៥ឆ្នាំ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ ។ចំណែកជនរងគ្រោះឈ្មោះ យ៉ាន យិតា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨ ប្លុកបូរីកីឡា អាគារទី២ ជាន់ទី១ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារកំពុងតែដេកលង់លក់នៅក្នុងផ្ទះខាងលើ លុះដល់ម៉ោងកើតហេតុ ស្រាប់តែជនរងគ្រោះបានលឺសម្លេងទ្វារផ្ទះក្រោកក្រាក ហើយភ្លាមនោះ ជនរងគ្រោះបានដាស់បងប្អូននាំគ្នាទៅមើល ស្រាប់តែឃើញបុរសខាងលើ (ជនសង្ស័យ) ព្យាយាមយកមេសោមកចាក់ទ្វារផ្ទះរបស់គាត់ពីខាងក្រៅ គាត់ក៏បានធាក់ទ្វារចេញមកចាប់វាយម្នាក់ ១ដៃ ១ជើង និងឃាត់ខ្លួនរួចយកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ចាន់ រិទ្ធ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស រស្មី