ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកសំរោងទង បានបើកប្រតិបត្តិការបង្ក្រាបក្តុមជួញដូរថ្នាំញៀនបានមួយសម្បុក ព្រមទាំងថកហូតបានថ្នាំញៀនមួយចំនួន។
បន្ទាប់ពីឃាត់ខ្លួនបានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី។
អធិការរងនគរបាលស្រុកសំរោងទងលោកមុិច សុភាន់ បានប្រាប់ថា ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ត្រូវនឹងថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវចូលកន្លែងវាយ កូនហ្គោល ស្ថិតនៅក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ដែលកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឃាត់បានមាន ឈ្មោះ គ្រួច វិច្ឆ័យ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកអធិការរងបន្តថាក្រោឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ១កញ្ចប់តូច មធ្យោបាយម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។ នៅចំពោះមុខសមត្ថកិច្ចបានឆ្លើយប្រាប់ពីបក្ខពួករបស់ខ្លួន ដែលកំពុងធ្វើសកម្មភាពដូចគ្នានៅមាន២នាក់ទៀត។
ប្រភពបន្តថា បន្ទាប់ពីជនសង្ស័យសារភាពរួមមក សមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខសញ្ញា ២នាក់ទៀត ១-ឈ្មោះ អ៊ួច សាវុទ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ២-ឈ្មោះ ហួន ផានិត (រ៉ែង) ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅក្នុងបន្ទប់ផ្ទះជួលភូមិខាងលើ។
សមត្ថកិច្ចបានបន្តឆែកឆេរ នៅបន្ទប់ជួលរបស់ក្រុមជនសង្ស័យរកឃើញវត្ថុតាងគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ៤កញ្ចប់ (មធ្យម ២កញ្ចប់ ) ម៉ូតូ ចំនួន ១គ្រឿង ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៌សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រោយបញ្ជប់ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរថ្នាំញៀនទាំងនេះរួចមក សមត្ថកិច្ចបានបន្តឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនបានចំនួន ២នាក់ទៀតរួមមាន៖ ឈ្មោះ ទឹម ចាន់ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ ចក់ សៅ ភេទប្រុស អាយុ ១៨ឆ្នាំ ភូមិព្រៃសំបុក ឃុំព្នាយ ស្រុកសំរោងទង នៅចំណុចខាងជើងភូមិអង្គរជា ឃុំព្នាយ ដកហូតបានម្សៅក្រាម ពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១កញ្ចប់មធ្យម ទូរស័ព្ទដៃ ១គ្រឿង ដាវ ១ និងម៉ូតូ ១គ្រឿង ។
សរុបមនុស្ស ៥នាក់ប្រុស គ្រឿងញៀនចំនួន ៦កញ្ចប់ ( ៣កញ្ចប់មធ្យម ) ទូរស័ព្ទដៃ ៣គ្រឿង ដាវ ១ និងម៉ូតូ ៣គ្រឿង ។
នៅព្រឹកថ្ងៃទី៣ មករា ២០១៨ ក្រោយកសាងឯកសាររួចរាល់ ចំពោះមុខសញ្ញា និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ