ព័ត៌មានទាន់ហេតុការណ៍៖

ចម្ការអំពៅ២ក្រុមហ៊ុនប្រមាណជិត១០០ហិចតានៅស្រុកស្វាយទាបត្រូវអគ្គិភ័យឆេះ សមត្ថកិច្ចថាមានគេលួចដុត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ចម្ការដំណាំអំពៅស្ករប្រមាណ៩២ហិចតា ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្មករនាំគ្នាជួយពន្លត់ ប៉ុន្តែយឺតពេលទៅហើយ ខណៈឆេះមួយយប់ ទើបរលត់ធ្វើឲ្យក្រុមហ៊ុនខាតបង់ បន្ទាប់ពីសមត្ថកិច្ចអះអាងថា មានគេលួចដុតកំពុងស្រាវជ្រាវចាប់ខ្លួនជនបង្ក។

ពាក់ពន្ធ័នឹងករណីនេះ លោក កុយ សារ៉េន ប្រធានក្រុមហ៊ុនអំពៅស្ករបានប្រាប់ភ្នាក់ងារសារព័ត៌មាននគរវត្តប្រចាំខេត្តស្វាយរៀងឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ថា

ដំណាំអំពៅស្ករប្រមាណ៩២ហិកតា ស្ថិតនៅភូមិចំនួន៣ គឺភូមិកំពោតទូក ភូមិតាអី ភូមិសង្គម ស្ថិតក្នុង ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវភ្លើងឆេះកាលពីម៉ោង២រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតដល់ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ទើបរលត់ទៅវិញ។

លោកឲ្យដឹងទៀតថា ករណីភ្លើងឆេះដំណាំអំពៅស្ករ គឺបណ្តាលមកពីមានអ្នកលួចដុតជាច្រើនលើកច្រើនសារ ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់រាប់រយហិកតានៅក្នុងឆ្នាំ២០១៧នេះ ជាក់ស្តែង កាលពេលថ្មីនេះ មានករណីគេលូចដុតដំណាំអំពៅស្កររបស់២ក្រុមហ៊ុន គឺក្រុមហ៊ុនរបស់លោកចំនួនប្រមាណ៦២ហិតា និងក្រុមហ៊ុនទេព សាវ៉េត៣២ហិតាធ្វើឲ្យក្រុមហ៊ុនជួបបញ្ហាប្រឈម ខាតបង់ច្រើន។

លោកបានសំណូមពរដល់អាជ្ញាធរ និងសម្ថកិច្ចមេត្តាជួយស្វែងរកមុខសញ្ញាជនល្មើស ដែលតែងតែលួចដុតបំផ្លាញដំណាំអំពៅស្កររបស់ក្រុមហ៊ុន ជាច្រើនលើកច្រើនសារ និងមេត្តាជួយស្រាវជ្រាវវែកមុខជនសង្ស័យដែលលួចដុតកាត់ទោសតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖