ព័ត៌មានទាន់ហេតុការណ៍៖

លួចលួចទូរស័ព្ទដៃក្នុងកាបូបពីនារីម្នាក់បានហើយតែរត់មិនរួចត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនបន្ទាប់ពីរូបគេ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃពីនារីម្នាក់ពីក្នុងកាបូបស្ពាយបានសម្រេច នៅពេលដែលនាងកំពុងជិះម៉ូតូហើយឈប់ចាំភ្លើងស្តុប។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ១៨ និង២០នាទីល្ងាច តាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៨២ (ភ្លើងស្តុប) ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថាជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ពៅ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះមាន ឈ្មោះ លី ស៊ីវម៉ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនិស្សិត ស្លាក់នៅផ្ទះលេខ៣៧ ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុនារី រងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកស្គូបពីព័ណក្រហមសេរីឆ្នាំ២០១៥ពាក់ស្លាកលេខកំពង់ឆ្នាំង1F. 6506 ដោយមានឌុបប្អូនប្រុសចេញពីសាលារៀន ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ នាងបានឈប់រងចាំភ្លើងស្តុប ស្រាប់តែមានជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GL-2761 មកឈប់ក្បែរហើយបានរូតកាបូបស្ពាយរបស់នាង រួចលួចយកទូរសព្ទ័ដៃពីក្នុងកាបូបបានសម្រេច រួចក៏ជិះម៉ូតូបម្រុងគេចខ្លួន តែត្រូវជនរងគ្រោះឃើញស្រែកថា ចោរៗ ស្របពេលនោះកម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលទឹកថ្លា ឃើញបានដេញតាមរួចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លាតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃម៉ាកសាំសុង ដែលជនសង្ស័យលួចបាននោះឲ្យទៅជនរងគ្រោះវិញ។

ដោយឡែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់បន្ត៕ តុង សីហា


ចែករំលែក៖