ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រចតចោលលើផ្លូវគ្មានដាក់សញ្ញាសម្គាល់ម៉ូតូមកពីក្រោយបុករបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុគ្គលិកកាស៊ីណូម្នាក់ បានរងរបួសបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹង នឹងកន្លែង ខណៈជិះម៉ូតូបុកគូទរថយន្តកុងតឺន័រ ដែលចតចោលលើផ្លូវ គ្មានដាក់សញ្ញាសម្គាល់ ស្របទិសគ្នាពីលិចទៅកើតពេញទំហឺង កាលពីនៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០០:៣០នាទីរំលងអធ្រាត្រ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៦៦ លេខ១៦៧ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលករុងបាវិតបានប្រាប់នគរវត្តថា មុនកើតហេតុ មានរថយន្ត១គ្រឿងម៉ាកអីុតៀក ពណ៌ប៉ៃតង ពាក់ស្លាកលេខ 51C-41638 អ្នកបើកបរដោយឈ្មោះ ង្វៀង វិកហាយ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាមមុខរបរបើកបររថយន្តកុងទីន័រ រស់នៅភូមិ ឃុំឡុកចូវ ទីក្រុងបាយឡុក ខេត្តហាមដុង ពីលិចទៅកើត ហើយក៏បានឈប់ចតចោលលើចំណុចផ្លូវច្រមុះជ្រូក ខណៈនោះមកដល់ចំណុចកើតហេតុ ខាងលើ ក៏មានម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1A-7038 បើកបរដោយឈ្មោះ ចាន់ រ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិតាសែ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ស្របគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឺង បណ្តាលឲ្យរងរបួសធ្ងន់ ចំពោះអ្នកបើកបររថយន្ត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តស្វាយរៀង និងវាស់វែង និងអូសយកមធ្យោបាយទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖