ខេត្តស្វាយរៀង៖ កម្មករ កម្មការិនីប្រមាណ២៤នាក់ បានភ័យលួសប្រលឺង និងលោតចុះលើរថយន្តទាំងអស់គ្នា ខណៈដែលរថយន្តបានបែកកង់ ក៏រេចង្កូតធ្លាក់ប្រទ្បាយទឹក ក្រឡាប់បង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែមិនគ្រោះថ្នាក់ដល់អាយុជិវិតនោះទេ គ្រាន់តែរលាត់ដៃជើងបន្តិចបន្តួចប៉ុណ្ណោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងជើងវត្តថ្នាញ ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត។
យោងតាមលោកទី សំអាន មេប៉ុស្តិ៍រដ្ឋបាលសង្កាត់បាទីបានថ្លែង តាមទូរសព្ទ័នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ថា ពិតជាមានករណីក្រឡាប់រថយន្តពិតប្រាកដមែន ដោយមូលហេតុរថយន្តបែកកង់មុខ ហើយក៏ផ្អៀងរេចង្កូតមកខាងស្ដាំដៃធ្លាក់ប្រទ្បាយទឹក បណ្ដាលឲ្យកម្មករ កម្មការិនីធ្លាក់ចូលទឹកត្រឹមពាក់កណ្ដាលចង្កេះមិនមានគ្រោះថ្នាក់អ្វីនោះទេ។
ប្រជាពលរដ្ឋដែលឃើញហេតុករណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុនេះ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះមួយតោនកន្លះ ពណ៌ខៀវ មិនចាំស្លាកលេខ ជិះក្នុងរថយន្តចំនួន២៤នាក់ ដោយធ្វើដំណើរពីត្បូងទៅជើង ចេញពីឃុំទួលស្តី ស្រុកចន្ទ្រា មកធ្វើការងាររោងចក្រនៅក្រុងបាវិត ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើស្រាប់តែ រថយន្តបែកកង់មុខបន្ទាប់មក ក៏រេចង្កូតធ្លាក់ប្រទ្បាយទឹក និងខ្លះទៀតលោតចុះលើរថយន្ត រងរបួស ស្រាលប៉ុណ្ណោះ ៕ យឹម សុថាន