ភ្នំពេញ៖ លោក លី លីបម៉េង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ប្រកាសសាលក្រមផ្ដន្ទាទោសស្ត្រីម្នាក់ ដាក់ពន្ធនាគារ៨ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តដល់ជនរងគ្រោះចំនួនពីរនាក់ ក្នុងម្នាក់ៗពីរលានរៀល ពីបទការនាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ ពាក់ព័ន្ធករណីបញ្ជូននារីខ្មែរពីរនាក់ ទៅធ្វើពេស្យាចារនៅបរទេស។
ជនជាប់ចោទឈ្មោះ អ៊ុច សេងហុង ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ មុខរបរ ជាអ្នកធ្វើចម្ការ ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ១៖៣០នាទីរសៀល ថ្ងៃទី ១០ខែមិថុនា ឆ្នាំ២០១៧ នៅពេលជនសង្ស័យបាននាំនារីរងគ្រោះពីរនាក់ មកពីស្រុកកំណើត បម្រុងនាំចេញទៅប្រទេសចិន ។
សមត្ថកិច្ចបានឱ្យដឹងថា លុះពេលនាំជនរងគ្រោះមកដល់ផ្លូវ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពួកគេបានចុះពីរថយន្តតាក់ស៊ី ដើម្បីរង់ចាំមេខ្យល់នៅភ្នំពេញទៅទទួលយក ។ ពេលកំពុងឈប់ចាំមេខ្យល់ ក៏ត្រូវបានសមត្ថកិច្ចទៅនាំខ្លួន ទៅកាន់ការិយាល័យដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យឈ្មោះ អ៊ុច សេងហុង បានសារភាពថា ខ្លួនពិតជាបាននាំនារីអ្នកចម្ការពីរនាក់ យកមកឱ្យមេខ្យល់នៅភ្នំពេញនេះមែន និងមានគោលដៅនាំពួកគេទៅកាន់ប្រទេសចិន តាមច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម បាវិតខេត្តស្វាយរៀង ។ ចម្លើយជនសង្ស័យប្រាប់សមត្ថកិច្ចថា សកម្មភាពនាំនារីខ្មែរបម្រុងទៅលក់ដូរ នៅប្រទេសចិននេះ រូបគេទទួលបានប្រាក់ពីមេខ្យល់ក្នុងនារីម្នាក់ចំនួន២.០០០ដុល្លារអាមេរិក ប៉ុន្តែប្រាក់នេះ គេបានចំណាយទៅវិញក្នុងការធ្វើដំណើរអស់៥០០ដុល្លារផងដែរ ។ ជនសង្ស័យជាមុខសញ្ញាធ្លាប់ប្រកបមុខរបរនាំនារីខ្មែរលក់ទៅប្រទេសចិន ចំនួន៣ លើកមកហើយ និងមាននារីខ្មែរ៣នាក់ ដែលបានរងគ្រោះដោយស្នាដៃ ជនសង្ស័យរូបនេះ៕ ចេស្តា