ភ្នំពេញ ៖ ក្រោយពីគេហទំព័រ «នគរវត្ត» www.nokorwatnews.com/ ព័ត៌មានរហ័ស គ្របដណ្តប់ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស និងពាសពេញពិភពលោក ២៤ម៉ោងលើ២៤ម៉ោង នៃមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» តែងទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្តតាមដាននិងមានទំនុកចិត្តបំផុតនោះ ហើយថ្មីៗនេះក៏បានដកស្រង់ប្រភពពីមជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់នូវ សកម្មភាពធូរលុងពីអាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធមិនអើពើពីការកាប់បំផ្លាញព្រៃឈើនៅតំបន់អន្ទ្រង ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងនោះគេបង្ហើបថា «មានការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ នៅមណ្ឌលគិរី អូសចូលក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ដើម្បីបន្លំកាត់PCឆ្លងទៅវៀតណាមតាមច្រកត្រពាំងស្រែ-វ៉ាលឺ»។
ករណីនេះប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយកចិត្តទុកដាក់លើបញ្ហានេះ និងចាត់ការជាបន្ទាន់ផងដែរអោយជំនាញចុះពិនិត្យ ក្នុងនោះប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាប្រធានរដ្ឋបាលព្រៃឈើ ចេញលិខិតលេខ៣១៤០ រព.ននព ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ហើយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចំណារលើលិខិតចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីអោយមានរបាយការណ៍លម្អិតមកវិញពីសកម្មភាពកាប់បំផ្លាញព្រៃឈើពីតំបន់នោះ អូសចូលក្រុមហ៊ុន ប៉ុន្តែការឆ្លើយតបមកវិញនៅក្នុងលិខិតលេខ១១១២៥ ចុះថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ របស់លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រាបជូនមក ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាប្រធានរដ្ឋបាលព្រៃឈើ ហាក់មានចេតនាភូតកុហក ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាប្រធានរដ្ឋបាលព្រៃឈើ និងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬមានអំពើឃុបឃិតគ្នាណាមួយអាចកើតឡើង រវាងក្រុមហ៊ុន និងខាងជំនាញ ទើបរបាយការណ៍នេះធ្វើខុសពីគោលដៅនៃការចុះផ្សាយគេហទំព័រ «នគរវត្ត» ទទួលបានការរិះគន់ពីមជ្ឈដ្ឋានប្រជាជនថាមានការកាប់បំផ្លាញព្រៃឈើនៅតំបន់អន្រ្ទង ស្រុកកោះញែក បែរជា លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រាបជូនមកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ នៅភូមិសាស្ត្រ ឃុំសុខសាន្ត ស្រុកកោះញែក និងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នោះទៅវិញ។ មិនតែប៉ុណ្ណោះ ថែមទាំងលើកអំណះអំណាងថា អត្ថបទព័ត៌មានរបស់ កាសែត «នគរវត្ត» សរសេរមិនមែនជាការពិត។
ជុំវិញបញ្ហានេះ និយាយរួម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនបាច់គិតវែងឆ្ងាយ នាំតែស្មុគ្រទេ កុំថាឡើយរបាយការណ៍មានចេតនាលាក់លៀមបទល្មើសព្រៃឈើ និងភូតកុហក សូម្បីតែឈ្មោះអង្គភាព មជ្ឈមណ្ឌលព័ត៍មាន«នគរវត្ត»ក៏លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សសេរមិនត្រូវ មិនស្គាល់ច្បាស់ផង.? ព្រោះមានហេតុផលថា ឈ្មោះគេហទំព័រ «នគរវត្ត»បែរជាគាត់សសេរក្នុងរបាយការណ៍ថា កាសែត«នគរដ្រេហ្គន» ទៅវិញ។ គ្រាន់តែឈ្មោះអង្គភាពសរសេរមិនត្រូវ មិនស្គាល់ផង ចុះទម្រាំទីតាំងកាប់បំផ្លាញព្រៃឈើនោះ គាត់និងក្រុមជំនាញចុះទៅដល់ដែរឬទេ? ដួច្នេះ មានចេតនាភូតកុហក ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាប្រធានរដ្ឋបាលព្រៃឈើ និងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើរបាយការណ៍ថាអត់ការកាប់បំផ្លាញឈើនៅភូមិសាស្ត្រ ឃុំសុខសាន្ត ស្រុក កោះញែក និងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នោះទៅវិញ ដែលផ្ទុយពីគេហទំព័រ«នគរវត្ត»បានលើកឡើងពីការកាប់បំផ្លាញព្រៃឈើនៅតំបន់អន្រ្ទង ស្រុកកោះញែក ខេត្តមណ្ឌលគិរីនោះ។
ពាក់ព័ន្ធករណីនេះ លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨បានប្រាប់«នគរវត្ត»តាមទូរស័ព្ទថា ករណីនេះ ខ្ញុំមិនបានដឹងទេ ទោះជាមានហត្ថលេខាខ្ញុំក៏ដោយ អ្នកដែលធ្វើរបាយការណ៍ក្នុងរឿងនេះ គឺលោក អ៊ុង សំអាត ខាងរដ្ឋបាលព្រៃឈើ ។ ដូច្នេះ គាត់ធ្វើរឿងនេះមិនពិត ទើបលោករដ្ឋមន្ត្រីក្រសួង កសិកម្ម ក៏បានស្តីបន្ទោសផងដែរ ។ លោកបន្តថា ដើម្បីឲ្យបានច្បាស់ គួរមានទំនាក់ទំនង សុំការបំភ្លឺពីលោក អ៊ុង សំអាត ទើបដឹងច្បាស់ ដោយសារគាត់ជាអ្នកធ្វើរបាយការណ៍ នេះ។ ប៉ុន្តែ នគរវត្តមិនអាចទាក់ទងបានទេពីលោក អ៊ុង សំអាត នាថ្ងៃខែដដែលនេះ ដោយគ្មានលេខទូរស័ព្ទ ។
ដោយឡែកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ បានប្រាប់ នគរវត្ត តាមទូរស័ព្ទនារសៀលថ្ងៃខែដដែលនេះថា «ខ្ញុំអរគុណ! ចំពោះការចុះផ្សាយ ជុំវិញបទល្មើសព្រៃឈើ ហើយលោករដ្ឋមន្ត្រីក៏បានអះអាងជុំវិញជំរុញឲ្យមន្ត្រីពាក់ព័ន្ធចុះ ពិនិត្យតំបន់នោះ ចំពោះរបាយការណ៍របស់លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោកក៏នឹងត្រូវពិនិត្យឡើងវិញ ហើយចាំបាច់បន្តការងារនេះឲ្យមន្ត្រីជំនាញចុះទៅ ពិនិត្យសាថ្មី និងធ្វើការឲ្យបានច្បាស់លាស់ ។
គួររំឭកថា បើទោះជារបាយការណ៍មានចេតនាលាក់លៀមបទល្មើសព្រៃឈើដែលកើត មាននោះ លក្ខណៈភូតកុហកដល់ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃ ឈើ និងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយលោក ឡោ រស្មី ក៏ដោយ ។ ហើយលោក ឡោ រស្មី ទម្លាក់បញ្ហានេះថា ជារបាយខុសគោលដៅធ្វើឡើងដោយលោក អ៊ុង សំអាត សុទ្ធតែខ្វះការទទួលខុសត្រូវនោះ ។ មានន័យថា បញ្ហានេះអាចឃុបឃិតគ្នា រវាងជំនាញជា មួយក្រុមហ៊ុន ។ ក្នុងនោះ ទាំងជំនាញ និងតំណាងក្រុមហ៊ុន ហ៊ានចេញមុខទទួលស្គាល់ទេ ថា លោក ដានី ដែលជាមេការរបស់ខ្លួន ប្រមូលឈើពីតំបន់ព្រៃសម្បទានរបស់ខ្លួនដើម្បី កាត់ PC នាំចេញទៅក្រៅប្រទេស ឬជាឈើខុសច្បាប់ អូសមកពីខាងក្រៅចូលក្រុមហ៊ុន? មិនតែប៉ុណ្ណោះចំពោះឈ្មួញ ឈ្មោះ ឆែ និងឈ្មោះ ហ៊ឹង ដែលប្រមូលឈើដាក់ចូលក្រុម ហ៊ុន ខាងក្រុមហ៊ុនហ៊ានទទួលស្គាល់ទេថា ពិតជាឈើក្នុងដីព្រៃសម្បទានស្របច្បាប់ ឬ កេណ្ឌប្រមូលពលរដ្ឋឲ្យចូលកាប់បំផ្លាញនៅតំបន់អភិរក្ស?
បញ្ហាក្រុមហ៊ុនមួយនេះ បើទោះជាខាងជំនាញចេញមុខការពារ រហូតដល់ហ៊ានធ្វើរបាយ ការណ៍លាក់លៀម ភូតកុហក បទល្មើសព្រៃឈើ បង្ហាញពីភាពស្អាតស្អំក៏ដោយ មិនត្រឹម តែឈ្មួញ៣នាក់ឈ្មោះ ឆែ ឈ្មោះ ហ៊ឹង និងឈ្មោះ ដានី ជាប់ពាក់ព័ន្ធប្រមូលឈើពីក្រៅ ចូលប៉ុណ្ណោះទេ ក្នុងនោះសូម្បីតែលោកស្រី យូ ចាន់ថា (គេនិយមហៅថា ជំទាវយូចាន់ថា) ក៏ចេញមុខ«កាង» ជួយក្រុមហ៊ុននេះ ដើម្បីប្រយោជន៍ ។
ចំពោះលោកស្រៀង ម៉េង ហៅ ម៉េង៣ពូថៅ ក៏ពាក់ព័ន្ធការប្រមូលឈើពីខាងក្រៅចូលក្រុមហ៊ុននេះដែរ ប៉ុន្តែបុគ្គលស្រៀង ម៉េង ហៅ ម៉េង៣ពូថៅ បានបកស្រាយតាមទូរស័ព្ទប្រាប់នគរវត្តថា «លោកមិនបាន អូសឈើពីខាងក្រៅចូលក្រុមហ៊ុនទេ គឺមានតួនាទីគ្រាន់ជាអ្នកធ្វើការក្នុងក្រុមហ៊ុនប៉ុណ្ណោះ៕ លក្ម្សី