ភ្នំពេញ ៖ លោក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បញ្ជាឲ្យមន្រ្តីជំនាញចុះស្រាវជ្រាវជាបន្ទាន់ ក្នុងករណីរឿងកម្មករលក់ត្រីម្នាក់ ត្រូវថៅកែស្រីនាំកូនចៅចាប់វាយ និងធ្វើទារុណកម្មយ៉ាងឃោរឃៅបំផុត ដោយចោទប្រកាន់ជនរងគ្រោះថា លួចលុយចំនួន៦លានរៀន ហើយលោកនឹងមិនឲ្យជនដៃដល់ ឬអ្នកពាក់ព័ន្ធទាំងនោះគេចផុតពីផ្លូវច្បាប់នោះទេ ។
គួរបញ្ជាក់ផងដែរថា ករណីផ្ទុះការតវ៉ាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅមុខស្នាក់ការ ប៉ុស្តិ៍នគរបាល រដ្ឋបាល ព្រែក ព្នៅ ខណ្ឌព្រែព្នៅ ។
ជនរងគ្រោះឈ្មោះ ង្វ្រៀង ចាន់ទៀង ភេទប្រុស អាយុ ២៨ឆ្នាំ ជាកម្មករយៀត្រី ស្នាក់នៅភូមិមង្គល សង្កាត់ ខណ្ឌព្រែកព្នៅ ។
យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ ដែលលើកគ្នាទៅតវ៉ានោះ បានឲ្យដឹងថា មុន កើតហេតុ ថៅកែ ស្រី យៀ ត្រី បានចោទប្រកាន់កម្មករម្នាក់(ជនរងគ្រោះ)ថា បានលួច លុយគាត់អស់ចំនួន ៦លាន រៀល ប៉ុន្តែពេលឆែកឆេរ ទៅលើ ជនរងគ្រោះ គឺ មិនឃើញ មាន អ្វី នោះឡើយ ។ មិនតែប៉ុណ្ណោះ បានបញ្ជាឲ្យនាំគ្នា ប្រហែល ៥នាក់ យក ច្រវាក់ ចាក់សោ ឃុំឃាំង ដោយវាយធ្វើបាបយ៉ាងឃោរឃៅផងដែរ ។
ប្រជាពលរដ្ឋ បាន បន្តថា ជនរងគ្រោះគឺជាម នុស្ស ស្លូតបូត ហើយ ព្រមទាំង ពិការភាព ទៀតផង ដោយ ឃើញ ដូច្នេះ ប្រជាពលរដ្ឋ ខឹងសម្បារ មិន សុខចិត្ត ដែល ថៅកែ ស្រី ចិត្ត ឃោរ ឃៅ បាននាំគ្នា វាយដំ ធ្វើបាប ដោយ ខ្លួន ពុំមាន ភស្តុតាង អ្វី សោះឡើយ ទើប ប្រជាពលរដ្ឋ នាំគ្នា យ៉ាងច្រើន កុះករ រួមទាំង ក្រុមគ្រួសារ កម្មករ ខាងលើ ទៅ ដាក់ពាក្យ បណ្តឹង ដើម្បី រក យុត្តិធម៌ នៅ ប៉ុស្តិ៍នគរបាល រដ្ឋបាល ព្រែក ព្នៅ ។
ដោយឡែកលោក អធិការនគរបាលខណ្ឌព្រែកព្នៅ បានប្រាប់អ្នកសារព័ត៍មាននគរវត្តតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះថា សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយ បច្ចុប្បន្នលោកកំពុងឲ្យមន្រ្តីជំនាញចុះស្រាវជ្រាវនៅទីតាំងកើតហេតុឲ្យបានច្បាស់ ហើយជនរងគ្រោះបានរស់នៅទីតាំងខាងលើនេះ ស់រយះពេល២ឆ្នាំ ដោយជាអ្នកកាន់លុយ ។
លោក អធិការខណ្ឌ បានបញ្ជាក់ថា ចំពោះករណីនេះ លោកមិនឲ្យជនដៃដល់ ឬអ្នកពាក់ព័ន្ធទាំងនោះគេចផុតពីផ្លូវច្បាប់នោះទេ បើទោះបីជាក្រុមជនដៃដល់រត់គេចខ្លួនបាត់ក៏ដោយ លោកនឹងបញ្ជូនសំណំុរឿងនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចេញដីកាស្វែងរកចាប់ខ្លួនជនដៃដល់យកមកដាក់ទោសតាមច្បាប់ឲ្យបាន ។
គួរបញ្ជាក់ដែរថា កន្លងមក ក៏ធ្លាប់មានករណីថៅកែធ្វើទារុណកម្មលើកម្មករ ហើយត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ផងដែរ ។
ដោយឡែក មាត្រា២១០នៃក្រមព្រហ្មទណ្ឌ “បទទារុណកម្មនិងអំពើឃោរឃៅ “ចែងថា ទារុណកម្មឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ ។
អ្នកច្បាប់ដដែល និយាយថា ក្នុងករណីនេះ ជនសង្ស័យត្រូវស្ថិតក្រោមការស៊ើបអង្កេតបឋមក្នុងបទល្មើសមជ្ឈិមជាក់ស្តែង ដែលអាចប្រឈមបទល្មើសអំពើលួច តាមមាត្រា ៣៥៣និងមាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ ។
ចន្លោះពេលនេះ ជនសង្ស័យផ្ទាល់ក៏អាចធ្វើបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស ជាអាទិ៍ ការធ្វើទារុណកម្មដោយការចាប់ចងនេះ បានដែរ ដែលបុគ្គលនោះអាចប្រឈមបទល្មើសទារុណកម្មនិងអំពើឃោរឃៅ ។
កន្លងមក គេតែងតែសង្កេតឃើញថា រាល់មានបទល្មើសកើតឡើងពិសេស បទឆក់ឬបទប្លន់ ជាដើម ប្រជាពលរដ្ឋតែងប្រព្រឹត្តហិង្សាលើជនសង្ស័យ ដែលពេលខ្លះអាចដល់ស្លាប់ថែមទៀងផង ។ បញ្ហានេះ អ្នកច្បាប់ និង មជ្ឈដ្ឋានមួយចំនួន សំណូមពរដល់សាធារណជន មេត្តាយល់ឱ្យច្បាស់ពីបញ្ហានេះ ដែលពេលខ្លះ អាចក្លាយខ្លួនជាជនល្មើសដោយមិនដឹងខ្លួន ។ រាល់បទល្មើសកើតឡើង គម្បីទុកសមត្ថកិច្ច ជូនមន្ត្រីនគរបាលយុត្តិធម៌និងតុលាការ ជា អ្នកមានចំណាត់ការផ្លូវច្បាប់វិញ ៕ ចាន់ធឿន