ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនរួមនិងវត្ថុតាងត្រូវសមត្ថកិច្ចចាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ១នាក់ រួមនឹងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាច សហការគ្នាជាមួយកំលាំងនគបាលបង្ក្រាបគ្រឿងញៀនខេត្តធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន ខណៈដែលគេកំពុងធ្វើសកម្មភាព ចែកចាយរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ហេតុការណ៍បង្ក្រាបធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមាត់បឹងទំនប់ថ្មី ភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឈានដល់ការបង្ក្រាបបានជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋ និងពីទីតាំងរបស់ជនសង្ស័យ ដែលបានធ្វើសកម្មភាពចែកចាយគ្រឿងញៀន ភ្លាមៗនោះសមត្ថកិច្ចបានឡោមពទ្ធ័ និងឃាត់ខ្លួនបានជនសង្ស័យ១នាក់ រួមនឹងវត្ថុតាង ម្សៅក្រាមពណ៌សខាងលើ ភ្លាមៗ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះឌី សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំស្រុកខាងលើ ។ សមត្ថកិច្ចដកហូតបានថ្នាំញៀន៧កញ្ចប់តូច និងធំ១កញ្ចប់ ទូរសព្ទ័ដៃ១គ្រឿង និងសម្ភារ បម្រើដល់ការជក់មួយចំនួនផងដែរ ។

ក្រោយការសាកសួរ សមត្ថកិច្ចកសាងឯកសារទាំងមនុស្ស និងវត្ថុតាងបញ្ជូនបន្តទៅស្នងការនគបាលខេត្តចាត់ការបន្តទៅសាលាដំបូងខេត្តតាមនីតិវិធីផងដែរ ៕ ចន្ថា


ចែករំលែក៖