ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាង១០០នាក់នាំគ្នាមកដាក់ពាក្យប្តឹងក្រុមហ៊ុនEBC បោកយកប្រាក់អស់រាប់ម៉ឺនដុល្លារ ពាក់ព័ន្ធនិងយកប្រាក់ទៅបញ្ញើក្រុមហ៊ុនទទួលបានអត្រាការប្រាក់១០ភាគរយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យជាង១០០នាក់បាននាំគ្នាកើតទុក្ខមិនសុខ ចិត្តមកដាក់ពាក្យប្តឹងក្រុមហ៊ុនដ៏ធំមួយឈ្មោះEBC នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ដែលរងការចោទប្រកាន់ថា ធ្វើជំនួញបោកប្រាស់ពួកគាត់អស់ប្រាក់រាប់សិបម៉ឺនដុល្លារទៅលើអាជីវកម្មដាក់បញ្ញើប្រាក់ជាមួយក្រុមហ៊ុនទទួលបានអត្រាការប្រាក់១០ភាគរយ ហើយក្រុមហ៊ុនបានប្រមូលប្រាក់រត់គេចខ្លួនអស់ ។

ប្រជាពលរដ្ឋរងគ្រោះទាំងនោះ មកដាក់ពាក្យប្តឹងក្រុមហ៊ុនEBC ចង់ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយដោះស្រាយ ធ្វើយ៉ាងណាត្រូវឲ្យក្រុមហ៊ុននោះចេញមុខមកទទួលខុសត្រូវសងប្រាក់មកពួកគាត់វិញ ។

ការទទួលពាក្យបណ្តឹងរបសប្រជាពលរដ្ឋរងគ្រោះកាលពីព្រឹកមិញនោះគេ ឃើញក្រុមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញមុខ ការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ ហើយទទួលយកបណ្តឹងដើម្បីបំពេញឯកសារកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ។

ប្រជាពលរដ្ឋរងគ្រោះប្រាប់ឲ្យដឹងថាៈពួកគាត់បានចាញ់បោកក្រុមហ៊ុនEBC នៅអំឡុង ឆ្នាំ២០១៤ ពួកគាត់មួយចំនួនបានយកប្រាក់ចាប់ពី៤ពាន់ដុល្លាររហូតទៅដល់២ម៉ឺនដុល្លារ ដើម្បីវិយោគជាមួយក្រុមហ៊ុនEBC ទទួលបានអត្រាការប្រាក់ក្នុង១ខែ១០ភាគរយ ។

ប្រជាពលរដ្ឋប្រាប់ឲ្យដឹងទៀតថា ការចាញ់បោកក្រុមហ៊ុនដោយសារតែក្រុមហ៊ុនគេអះអាងថាជាក្រុមហ៊ុនស្របច្បាប់ និងជួយប្រជាពលរដ្ឋខ្មែរកាត់បន្ថយភាបក្រីក្រ ។ នៅពេលពួកគាត់ដាក់បញ្ញើប្រាក់ជាមួយក្រុមហ៊ុនបាន២ទៅ៣ខែ គឺខាងក្រុមហ៊ុនឲ្យអត្រាការប្រាក់១០ភាគនោះមែន ។ បន្ទាប់មក ក្រុមហ៊ុនក៏រត់បាត់មិនបានបើកប្រាក់ជូនពួកគាត់ទៀតនោះឡើយ ។

ប្រជាពលរដ្ឋប្រាប់ឲ្យដឹងទៀតថា មានប្រជាពលរដ្ឋមួយចំនួនបានដាក់ប្លង់ដីផ្ទះ ប្លង់ដីស្រែចំការ ទៅខ្ចីលុយពីធនាគារយកប្រាក់ទៅវិនិយោគជាមួយក្រុមហ៊ុនEBC។ បច្ចុប្បន្ននេះពួគាត់កំពុងវ័ន្តក សងការប្រាក់ធនាគារ ។

ពាក់ព័ន្ធបញ្ហានេះ លោក លីវ សុវណ្ណា សមាជិកគណៈមេធាវីនៃព្រះរាជណាចក្រកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រោយពីកើតមានករណីផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋចាញ់បោកក្រុមហ៊ុនEBC ហើយប្រជាពលរដ្ឋរងគ្រោះបាននាំគ្នាប្តឹងទៅរដ្ឋសភា និងព្រឹទ្ធសភា ឲ្យជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ រួចហើយនោះ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតគណៈកម្មការចម្រុះអន្តរក្រសួង រួមមានៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដើម្បីស្រាវជ្រាវស៊ើបអង្កេតទៅលើបញ្ហានេះ ។ ក្នុងនោះក៏បានចាត់តាំងក្រុមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលពាក្យប្តឹងពីប្រជាពលរដ្ឋ ក្នុងការសម្រួលតាមផ្លូវច្បាប់របស់តុលាការ ។

លោកបញ្ជាក់ឲ្យដឹងទៀតថា រហូតមកដល់ពេលនេះក្រុមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះចំនួន១១ខេត្ត ក្រុង មានសរុបជាង៧០០នាក់នោះហើយ ៕ សំ វិច្ឆិកា


ចែករំលែក៖