ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្តន្ទាទោសស្ត្រីម្នាក់ដាក់ពន្ធនាគារ៧ឆ្នាំ ករណីធ្វើមេអណ្តើកនាំនារីខ្មែរទៅរៀបការនៅចិន

ចែករំលែក៖

ភ្នំពេញ៖ ប្រធាន​ក្រុម​ប្រឹក្សា​មជំនុំ​ជ​ម្រះសាលា​ដំបូង រាជធានី​ភ្នំពេញ​ លោក ម៉ុង មុនី​សោភា នៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨​ ប្រកាស​សាល​ក្រម​ផ្ដន្ទាទោ​ស​ស្ត្រីម្នាក់ ដាក់ពន្ធនាគារ៧ឆ្នាំ ពីបទការនាំចេញមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងសងសំណងចិត្តដល់ជនរងគ្រោះចំនួន ៣០០០ដុល្លារ។

ជន​ជាប់​ចោទ​ឈ្មោះ ផៃ ចន្ថា អា​យុ ៣៤​ឆ្នាំ​ ឆ្លើយ​ក្នុងពេលសវនាការកន្លងទៅថា ខ្លួន​និង​នារី​រងគ្រោះ រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា ដោយ​ខ្លួន​មាន​ប្តី​នៅ​ប្រទេស​ចិន ។ នៅ​ពេលខ្លួ​ន​មក​លេង​ស្រុក​កំណើត​ជន​រង​គ្រោះ បាន​សុំ​ឱ្យ​ខ្លួន នាំទៅការ​ប្តីនៅ​ប្រទេស​ចិន​ដែរ ។

ក្រោយ​មក​ខ្លួន​បាន​ជួយជនរង​គ្រោះ​​ឱ្យ​ទៅ​ការ​ប្តី​នៅ​ប្រទេស​ចិន បាន​សម្រេច​ដោ​យបាន​លុ​យ ១២០០​ដុល្លារ ពី​ប្តី​ចិន។ លុយ​នោះ​ខ្លួន​រត់​ការ​ធ្វើ​ឯកសារ​យក​នាង​ទៅ អស់ ៧០០​ដុល្លារ និង​ឱ្យ​ថ្លៃ​ទឹក​ដោះ​ទៅ​ម្តាយ​នាង ២០០​ដុល្លារ ។

ចំណែកជន​រងគ្រោះ​បាន​បញ្ជាក់​ថា ក្រោ​យពេល​ដែល​ខ្លួន​រៀប​ការជា​មួយ​ប្តី​ចិន​រួច នៅ​ក្នុង​រយៈ​ពេល៣ ខែ​ដំបូង​មិន​មាន រឿង​អ្វី​កើត​ឡើង​ទេ ។ប៉ុន្តែ​ក្រោយ​មក​ប្តី​ចិន​ចេះ​តែ​រក​រឿង និង​បង្ខំ​រួម​ភេទ ទាំង​ពេល​មាន​រដូវ ​។

នាង​បន្តថា ប្តី​ចិន​នោះ​និយាយ​ប្រាប់​ថា គេ​បាន​ចំណាយ​ប្រាក់​អស់ ២២០០០ ដុល្លារ ដើម្បី​យ​ក​ខ្លួន​ទៅ​ដល់​ប្រទេស​ចិន និងបាន​ឱ្យ​លុយ​ទៅ​ឈ្មោះ ផៃ ចន្ថា ចំនួន ៧០០០ ដុល្លារ ដើម្បី​យក​ឱ្យម្តាយ​ជា​ថ្លៃ​ទឹក​ដោះ តែ​តាម​ការ​ពិត ម្តាយ​ខ្លួន​មិន​បាន​ទទួល​នោះ​ទេ ។

ក្រោយ​​ពី​ទ្រាំ​នឹង​ការធ្វើ​បាប​របស់​ប្តី​ចិន​នោះ​មិន​បាន​ទើប ជន​រងគ្រោះ ឱ្យម្តាយ​នៅ​ស្រុក​ខ្មែរ​ផ្ញើលុយ ៣៥០០​ដុល្លារ ដើម្បី​ធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ​ ដោយមាន​ស្ត្រី​ខ្មែរ​ម្នាក់​នៅ​ប្រទេ​ស​ចិន ជា​អ្នក​ជួយ​ឱ្យ​បាន​ត្រលប់​មក​វិញ ក្រោ​​យ​មក​ដល់​ប្រទេស​កម្ពុជា ជនរង​គ្រោះ​បា​ន ប្តឹង​ទៅ​សមត្ថកិច្ច​ឱ្យ​តាម​ចាប់​ជន​ជាប់​ចោទ៕ ចេស្តា


ចែករំលែក៖