ភ្នំពេញ៖ តារាចម្រៀងស្រីនិយមច្រៀងបទចម្រៀងជាភាសាអង់គ្លេស កញ្ញា នីគី នីគី(Nikki Nikki ) បានបង្ហាញឈុតក្រៅឆាកដ៏ទាក់ទាញរបស់បទ”Beautiful Art”។ បទចម្រៀងនេះត្រូវបាននាងលើកឡើងថា ជាការបង្កប់អត្ថន័យនៃការប្រើប្រាស់អំពើហិង្សារបស់បុរសទៅកាន់នារី ហើយនាងក៏ផ្ញើបទនេះជាពិសេសទៅកាន់អ្នកនាងយ៉ាន់ លីនដាផងដែរ។
ឈុតក្រៅឆាកប្រមាណជាង៧នាទីនេះទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រនាងប្រមាណជិត១០ម៉ឺននាក់ក្រោយពីបង្ហោះបានជិតមួយសប្តាហ៍។ ក្រៅពីអរគុណសម្រាប់អ្នកចូលរួមផលិតបទចម្រៀង និងសម្តែងក្នុងបទចម្រៀងនេះនាងក៏បានថ្លែងថា”តាមពិតបទចម្រៀងនេះខ្ញុំបាននិពន្ធឡើងដើម្បីផ្ញើទៅឲ្យបងស្រីយ៉ាន់ លីនដាដែលរឿងរ៉ាវរបស់គាត់ និងមនុស្សស្រីជាច្រើនទៀតបានជំរុញឲ្យខ្ញុំធ្វើបទនេះឡើង”។ នាងបន្តថាវាគឺជាបទដែលពោរពេញដោយភាពស្រស់ស្អាតបូកជាមួយនឹងភាពឈឺចាប់ ដែលមានទាំងបង្កប់អត្ថន័យ នៃការគ្រប់គ្រង គាបសង្កត់ និងការរំពឹងទុកដែលមានលើមនុស្សស្រី។ នាងថាវីដេអូវិញនិយាយអំពីនិម្មិតរូបនៃអំពើហិង្សា និងនិម្មិតសញ្ញា នៃការរួបរួមគ្នារបស់ស្ត្រីដើម្បីជម្នះពីការគាបសង្កត់។
គួរបញ្ជាក់ដែរថា តារាចម្រៀង អ្នកនាងយ៉ាន់ លីដា ធ្លាប់ត្រូវបានគេចុះផ្សាយថា នាងបានរងហិង្សាពីសំណាក់ស្វាមីលោកយ៉ែមសំអូនរហូតមានស្លាកស្នាម និងគ្រេចក កាលពីពាក់កណ្តាលឆ្នាំ២០១៥។ នាងបានសម្រេចចិត្តចេញទៅរស់នៅជាមួយកូនស្រីតែម្នាក់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីវិញ ហើយក៏ធ្លាប់បានឆ្លៀតវិលមកលេងទឹកដីនៃប្រទេសកម្ពុជាផងដែរ៕ វឌ្ឍនា