ខេត្តស្វាយរៀង៖ ផ្ទះក្បឿងមួយខ្នង ថ្មក្រោមសង់អំពីឈើជញ្ជាំងសង្ខសីត្រូវបានអគ្គិភ័យឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ស្រែកហៅអ្នកភូមិ ក៏ដូចជារាយការណ៍មកសមត្ថកិច្ចអន្តរាគមន៍ ជួយបាញ់ពន្លត់ ប៉ុន្តែខណៈភ្លើងឆាបឆេះលាយនឹងខ្យល់ខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានការណ៍មូលហេតុសង្ស័យឆ្លងអាគុយសូឡារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្ដាល ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានប្រាប់អ្នកកាសែតនគរវត្តឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះលោកយាយឡម អាយុ៧០ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
តាមលោកយាយឡម បានប្រាប់ទាំងទឹកភ្នែកថា ការឆេះនេះលឿនពេក ខណៈគាត់ និងចៅ២នាក់ទៀតបានដេកសម្រាន្តនៅខាងក្រោមផ្ទះ លេងដូចសព្វរាល់ដង បន្ទាប់មកស្រាប់តែមានឃើញអណ្ដាតភ្លើងឆេះនៅខាងលើផ្ទះ នៅកន្លែងអាគុយសូឡា ធ្វើឲ្យគាត់ និងចៅៗនាំគ្នារត់ចេញ និងស្រែកផ្អើលដល់អ្នកភូមិជួយ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ប៉ុន្តែយឺតពេលទៅហើយ ដោយភ្លើងឆេះយ៉ាងពេញក្រមុំមិនអាចពន្លត់ទាន់ពេល។
លោកយាយបន្តថា រហូតមកដល់ពេលនេះ នៅមិនទាន់សរុបទ្រព្យសម្បត្តិ និងមាសប្រាក់បាននៅឡើយទេ ខណៈស្រូវត្រូវបានឆេះអស់មួយចំនួនធំផងដែរ។
សូមបញ្ជាក់ថាក្រោយពីមានសេចក្ដីរាយការណ៍ភ្លាម គេឃើញមានវត្តមានលោកអធិការនគរបាលស្រុកស្វាយជ្រំ និងលោកនាយការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង មកជួយបាញ់ទឹកយ៉ាងសស្រាក់ស្រាំ ទើបភ្លើងបានរលត់ ៕ យឹម សុថាន