កម្លាំងទាហានជើងទឹកចិនបច្ចុប្បន្ន មានសមត្ថភាពខ្ពស់នៅក្នុងយុទ្ធសាស្ត្រ សង្គ្រាម លើដែនសមុទ្រ ។ មិនតែប៉ុណ្ណោះចិនគឺជាប្រទេសដែលមាន អាវុធទំនើបៗ ជាច្រើន ក្នុងនោះមាននាវាមុជទឹក នាវា ចម្បាំង និង នាវាផ្ទុកយន្តហោះជាដើម។ នៅពេលនេះរដ្ឋាភិបាលចិន បានសម្រេចផលិតនាវាផ្ទុកយន្តហោះទី៣ ដើម្បីការ ពារដែនសមុទ្រដ៏ធំ ក្នុងពេលដែលចិនមានវិវាទនៅតំបន់សមុទ្រ ចិនភាគខាងត្បូងនិង ភាគខាងកើត។
រយៈពេលមិនដល់មួយឆ្នាំផង បន្ទាប់ ពីនាវាដឹកយន្តហោះចម្បាំង ដែលផលិត ដោយផ្ទាល់ដៃដំបូងបំផុត នៃប្រទេសចិន ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការសាកល្បង មហាយក្សនៅអាស៊ីមួយនេះ ត្រូវគេរាយ ការណ៍ថា កំពុងតែដុតដៃដុតជើង បំពេញ កិច្ចការ ទៅលើនាវាដឹកយន្តហោះចម្បាំងផលិតក្នុងស្រុកទី៣របស់ខ្លួនថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០១៨។
ប្រការហេតុនេះ នាវាដឹកយន្តហោះ ចម្បាំងសរុបចំនួន៣គ្រឿងហើយ ត្រូវបាននិងកំពុងសាងសង់ដោយប្រទេសចិនផ្ទាល់ លើកលែងតែនាវាដឹកយន្តហោះចម្បាំង លាវនីង (Liaoning) ជានាវាចំណាស់ មានអាយុកាលរាប់ទសវត្សរ៍របស់ អតីត សហភាពសូវៀត ដែលទីក្រុងប៉េកាំង បាន ទិញយកពីអ៊ុយក្រែន ដើម្បីយកមកធ្វើការជួសជុលកែលម្អឡើងវិញ។
នាវាដឹកយន្តហោះចម្បាំង Type-001A ត្រូវបានដាក់ដើម្បីធ្វើតេស្តកាលពីខែមេសាឆ្នាំទៅ ខណៈនាវាដឹកយន្តហោះចម្បាំង Type-002 ត្រូវគេកំណត់ថានឹងធ្វើប្រតិបត្តិការសាកល្បង នៅក្នុងពេលប៉ុន្មានខែខាង មុខ។ នេះបើតាមសារព័ត៌មានចិន Global Times។ នាវាដឹកយន្តហោះចម្បាំង Type-001A មានលក្ខណៈស្រដៀងទៅនឹងនាវា Liaoning (Type-001) ដែរ ដោយវាមាន ផ្នែកចុងខាងមុខ រាងកោងដើម្បីអាចជួយ ដល់យន្តហោះចម្បាំង ក្នុងការហោះឡើង ខណៈនាវាដឹកយន្តហោះចម្បាំង Type-002 និង Type-003 ត្រូវគេរាយការណ៍ថាមានលក្ខណៈនិងបច្ចេកវិទ្យា ស្រដៀងគ្នា។
បើតាមប្រភពពីមន្រ្តីយោធា ដែលសារ ព័ត៌មានចិន South China Morning Post ទទួលបាន ការសាងសង់នាវាចម្បាំងថ្មីទី៣ នៃយោធាចិន នឹងមានភាពស្មុគស្មាញ និង បញ្ហាប្រឈមច្រើនជាង នាវាដឹកយន្តហោះ ចម្បាំងពីរគ្រឿងមុន។ ប្រភពដដែលបាន ឲ្យដឹងថា ដំណើរការសាងសង់នាវាដឹក យន្តហោះចម្បាំង Type-003 កំពុងប្រព្រឹត្ត ទៅនៅឯកំពង់ផែ សៀងហៃជាងណាន (Shanghai Jiangnan) ហើយគេកំពុងធ្វើការទៅលើតួខ្លួនរបស់វា និងរំពឹងថាអាច ចំណាយពេលប្រមាណជា២ឆ្នាំ ទើបហើយ រួចរាល់។
គោលដៅសម្រាប់ នាវាដឹកយន្តហោះចម្បាំងប្រភេទដូចជា Type-003 នេះ គឺប្រើប្រាស់ប្រព័ន្ធជំនួយការហោះឡើងដោយកម្លាំងអេឡិចត្រូម៉ាញេទិក ជាប្រព័ន្ធមួយដែលកងទ័ពជើងទឹកអាមេរិក បាន ចំណាយពេលរាប់ឆ្នាំ ដើម្បីអភិវឌ្ឍឲ្យ ល្អឥតខ្ចោះ ហើយវាត្រូវគេអះអាងថា នឹងដើរដោយថាមពលនុយក្លេអ៊ែរផង ដែរ។
គួរជម្រាបផងដែរថា មហិច្ឆតារបស់ចិន គឺធ្វើយ៉ាងណាឲ្យមានក្រុមនាវាដឹកយន្តហោះចម្បាំង ចំនួន៤ក្រុម ធ្វើប្រតិបត្តិការនៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន PLA ឲ្យបានពេញលេញនៅឆ្នាំ២០៣០។ ដោយឡែក នាវាដឹកយន្តហោះចម្បាំង Liaoning បច្ចុប្បន្នគឺជានាវាដឹកយន្តហោះ ចម្បាំងតែមួយ ដែលកំពុងធ្វើប្រតិបត្តិការ ក្នុងជួរកងទ័ពចិន ក៏ប៉ុន្តែនាវា Type-001A ត្រូវគេរំពឹងថានឹងអាចធ្វើប្រតិបត្តិការពេញលេញបាននៅចុងឆ្នាំ២០១៨៕ ម៉ែវ សាធី