ព័ត៌មានទាន់ហេតុការណ៍៖

ឃើញកែច្នៃរថយន្តដឹកទំនិញសំពីងសំពោងហួសហេតុបែបនេះទើបញាក់សាច់ ជប៉ុនសុំខ្មាស់

ចែករំលែក៖

ខេត្តកំពង់ចាម៖ ពិតជាគួរឲ្យញាក់សាច់និងស្មានមិនដល់ ពេលឃើញរថយន្តតូចធុន១២កៅអីមួយគ្រឿងនេះ ត្រូវឈ្មួញកែច្នៃដឹកទំនិញបានយ៉ាងច្រើនហួសចំណុះមានប្រវែងជិត១០ម៉ែត្រនិងកម្ពស់ជិត៤ម៉ែត្រដែលអាចនិយាយបានថាដឹកទំនិញមួយជើងនេះស្មើនឹងដឹកទំនិញ៣រថយន្តឯណោះគឺចំណេញសោហ៊ុយដឹកគ្រប់ទឹក ហើយ បើជប៉ុនជាអ្នកផលិតរថយន្តនេះឃើញវិញពិតជាសុំខ្មាសមិនខាន។យ៉ាងណារថយន្តកែច្នៃដឹកទំនិញសំពីងសំពោងមួយគ្រឿងនេះបានធ្វើដំណើរឆ្លង កាត់ខេត្តកំពង់ចាមហើយ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរស្រុកជើងព្រៃ ចាប់ឃាត់ ដើម្បីផាកពិន័យតាមច្បាប់កំណត់។

ប្រភពព័ត៌មានពីកម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកជើងព្រៃបានឲ្យដឹងថា នៅថ្ងៃសុក្រ ៤រោច ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង១១និង៣០នាទីព្រឹក កម្លាំងនគរបាលស្រុក បាន ឃាត់រថយន្ត១គ្រឿង ម៉ាក Starex ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-៦៣១៤ បើកពីជើងទៅត្បូង នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ស្ថិតក្នុងភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បន្ទាប់ពីឃើញរថយន្តនេះដឹកទំនិញសំពីងសំពោងខុសច្បាប់កំណត់ ។

សមត្ថកិច្ចនិយាយថា ការចាប់ឃាត់រថយន្តមួយគ្រឿងខាងលើនេះ ដោយសារដឹកអីវ៉ាន់សំពីងសំពោង ដឹកអីវ៉ាន់លើសចំណុះ អ្នកបើកបរឈ្មោះ រ៉ឺន រ៉ើន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យគ្មានប័ណ្ណបើកបរ គ្មានសៀវភៅឈៀកអាជីវកម្ម ហើយបានធ្វើការផាកពិន័យតាមច្បាប់កំណត់។

ជាមួយគ្នានោះដែរនៅថ្ងៃដដែលលោក ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខេត្ត សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំសណ្តាប់ធ្នាប់តាមទីផ្សារ ចំណតរថយន្ត និងតំបន់សាធារណៈ នៅទីប្រជុំជនផ្សារស្គន់ផងដែរ ប្រយោជន៍ធ្វើឲ្យផ្លូវនេះជាផ្លូវភ្ញៀវទេសចរណ៍ចេញចូល ងាយស្រួលធ្វើដំណើរឆ្លងកាត់ ៕ សហការី


ចែករំលែក៖