ភ្នំពេញ៖ កម្លាំងនរគរបាលប៉ុស្តិ៍ចោមចៅ២ បានទទួលព័ត៌មានពីម្ចាស់ផ្ទះជួលមួយកន្លែងថា មានស្រ្តីវ័យក្មេងម្នាក់កំពុងដាក់លក់គ្រឿgញៀននៅចំណុចផ្ទះជួលរបស់គាត់។
បន្ទាប់ពីបានទទួលដំណឹងភ្លាម នគរបាលក៏បានចុះទៅឃាត់ខ្លួនយកទៅប៉ុស្ដិ៍ បន្ទាប់មកទើបដឹងថា ជាដុំសាជូរ ដែលនាងដំឲ្យម៉ដ្ឋរួចហើយច្រកចូលក្នុងថង់តូចៗ ដាក់លក់ជំនួសថ្នាំញៀនតែប៉ុណ្ណោះ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលក្បែរវត្តគោកបញ្ជាន់ ភូមិថ្មគោល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានឲ្យដឹងថា ស្រ្តីវ័យក្មេងនោះឈ្មោះស្រី ពេជ្រ អាយុប្រហែលជិត២០ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលខាងលើ។ កម្លាំងដកហូតបានសាជូរបន្លំជាថ្នាំញៀនចំនួន២២កញ្ចប់។
នាងម្នាក់នេះបានញៀនថ្នាំដល់កម្រិតបែកថ្នាំទៅហើយ នៅពេលសួរនាំនាងនិយាយម្ដងអញ្ចេះម្ដងអញ្ចុះ មិនបានសាច់ការអ្វីឡើយ។ នាងបានប្រាប់ថា នាងមានប្ដីរួចទៅហើយ តែមិនបានរៀបការទេ ហើយកន្លងមកតែងបានជក់គ្រឿងញៀនជាមួយប្ដីនៅក្នុងបឹងមួយទៀតផង។
នគរបាលបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួន ប្រជាពលរដ្ឋបានរាយការណ៍មកថា មានស្រ្តីវ័យក្មេងម្នាក់កំពុងដាក់លក់គ្រឿងញៀនជាច្រើនកញ្ចប់។ ពេលនោះកម្លាំងនគរបានប៉ុស្តិ៍ចោមចៅ២ បានចុះទៅឃាត់ខ្លួន និងដកហូតវត្ថុដែលសង្ស័យថា ជាថ្នាំញៀននោះសរុបចំនួន២២កញ្ចប់ រួចបាននាំទៅសាកសួរនៅប៉ុស្តិ៍។ ប៉ុន្តែក្រោយពេលសាកសួរមិនបានចេញជាសាច់ការបែបនេះ ទាក់ទងទៅកាន់ខាងមន្រ្តីសង្គមកិច្ចនាំយកនាងទៅអប់រំ និងរកកន្លែងកែប្រែបន្សាបគ្រឿងញៀនបន្តទៀត៕ សុខាសែនជ័យ