ព័ត៌មានទាន់ហេតុការណ៍៖

Philippe Coutinho ៖ សុបិនក្លាយទៅជាការពិតពេលបានផ្លាស់មក Barcelona

ចែករំលែក៖

ខ្សែបម្រើអន្តរជាតិប្រេស៊ីល Philippe Coutinho បានថ្លែងថា ក្តីសុបិន្តរបស់ខ្លួនបានក្លាយទៅជាការពិតហើយបន្ទាប់ពីផ្លាស់ចេញពីក្រុមហង្សក្រហម Liverpool មកលេងឲ្យក្រុមអេស្ប៉ាញ Barcelona ។

ក្រោយចុះកុងត្រាលេងឲ្យ Barcelona រយៈពេល៥ឆ្នាំកន្លះ ក្នុងតម្លៃខ្លួន១៤២លានផោន ស្មើនឹង១៩២លានដុល្លារអាមេរិក ។ កីឡាករវ័យ២៥ឆ្នាំ Coutinho បាននិយាយលើបណ្តាញសង្គមTwitterថា “សួរស្តីអ្នកគាំទ្ររបស់Barcelonaទាំងអស់គ្នា។ ខ្ញុំបានមកដល់ទីនេះហើយ។ ក្តីសុបិន្តរបស់ខ្ញុំបានក្លាយទៅជាការពិត ដែរសង្ឃឹមថាបានជួបអ្នកទាំងអស់គ្នានៅថ្ងៃស្អែក” ។

Coutinho បានបន្តទៀតថា “វាគឺជារឿងដ៏អស្ចារ្យណាស់សម្រាប់ខ្ញុំដែល នឹងបានលេងជាមួយកីឡាករជាច្រើននៅក្នុងដួងចិត្តខ្ញុំដូចជា Messi, Luis Suarez, Andres Iniesta, Gerard Pique និង Sergio Busquets។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានមករស់នៅ លេងបាល់ទាត់និងទទួលជោគជ័យជាមួយពួកគាត់” ។

ក្នុងរយៈពេលជាប់កុងត្រាជាមួយនឹងក្រុមB arcelonaនេះ ប្រសិនបើមានក្លិបណាចង់ បានរូបគេបន្តទៀតនោះ ត្រូវចាយលុយរហូតដល់ទៅ៤០០លានអឺរ៉ូ ឬ៣៥៥លានផោន។

តម្លៃខ្លួនរបស់ Coutinho ធ្វើឲ្យរូបគេក្លាយទៅជាកីឡាករថ្លៃជាងគេលំដាប់ទី៣ បន្ទាប់ពីកីឡាករបារាំង Kylian Mbappe ដែលនឹងផ្លាស់ទៅ Paris St-Germain ជាផ្លូវការក្រោយចប់កុងត្រាខ្ចីជើងក្នុងតម្លៃ១៦៥,៧លានផោន និងកីឡាករថ្លៃខ្លួនខ្ពស់បំផុត Neymarដែលមានតម្លៃខ្លួន២០០លានផោន ៕ ដេវីត


ចែករំលែក៖