ខេត្តកណ្ដាលៈ ជនសង្ស័យប្រុស-ស្រី៤នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលធ្វើការចាប់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ខណៈដែលក្រុមជនសង្ស័យខាងលើជាប់ពាក់ព័ន្ធថ្នាំញៀន ។ ប្រតិបត្តិការបង្ក្រាបចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងជួនឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមាន៤នាក់ ទី១-ឈោះ ញ៉ុន សំណាត ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិត ទី២-ឈ្មោះសុិន ចំណាត់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ទី៣-ឈ្មោះប៉េង សុភស្ត័ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ។ ជនសង្ស័យ១,២និងទី៣ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងជួនឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល និងជនសង្ស័យទី៤-ឈ្មោះ ឡឹម រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើសំណង់ទីលំនៅបច្ចុប្បន្ន ភូមិខ្នា ឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល (មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារជាង០១ឆ្នាំ ពីបទរក្សាទុកនូសារធាតុញៀន) ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចធ្វការដកហូតវត្ថុតាងមាន៖
ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៣កញ្ចប់ (ធំ០១កញ្ចប់ មធ្យម០១កញ្ចប់ តូច ០១កញ្ចប់) ,ទូរសព្ទ័ដៃ ០១គ្រឿង ,ថង់សម្រាប់វេចខ្ចប់ និងឧបករណ៏ប្រើប្រាស់មួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្តថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្តស្រុកអង្គស្នួល ដែលសមត្ថកិច្ចបានតាមដាននិងកំណត់ជាយូរមកហើយ តែពុំទានមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកទៅលើក្រុមជនសង្ស័យបានទេ លុះមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានច្បាស់ថា មានជនសង្សយ័កំពុងជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញស្រុក បានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឆក់ឈើនាង ចុះដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះ សុិន ចំណាត់ និងឆែកត្រួតពិនិត្យឃើញថ្នាំញៀន០១កញ្ចប់ នៅនិងជនសង្សយ័ ភ្លាមនោះសមត្ថកិច្ចក៏យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរ ។
ប្រភពដដែលបានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះ ខ្លួនបានទិញពីឈ្មោះ ញ៉ុន សំណាត នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ភ្លាមនោះកម្លាំង ជំនាញបានសូមការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបន្តតាមរកមុខសញ្ញាជនសង្ស័យឈ្មោះ ញ៉ុន សំណាត ឃើញកំពុងនៅក្នុងបន្ទប់ជួល របស់ជនសង្ស័យឈ្មោះ ប៉េង សុភស្ត័ ភេទស្រី នៅភូមិត្រពាំងជួន ។ ភ្លាមនោះកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ឆែកឆេ រកឃើញថ្នាំញៀន០២កញ្ចប់បន្ថែមទៀត ក្នុងនោះ ធំ០១កញ្ចប់និងតូច០១កញ្ចប់ រួមទាំងថង់សម្រាប់វិចខ្ចប់និងឧបករប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ញ៉ុន សំណាត បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀន ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ទិញម្តងៗចំនួនបីជី តម្លៃ៥០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីយកលក់បន្ត។
បច្ចុប្បន្នជនសង្ស័យប្រុស-ស្រីទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ