ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ ស្រាល៤នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៤នាក់បានរងរបួសធ្ងន់ ស្រាល ត្រូវបានអ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានដឹកមកសង្គ្រោះនៅមន្ទីពេទ្យស្រុក ប៉ុន្តែរបួសធ្ងន់ដឹកបន្តទៅមន្ទីរពេទ្យប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង៨យប់ លើផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ម៉ូតូបង្កហេតុម៉ាកHONDA.C125 ស៊េរីឆ្នាំ2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D.4564 ឈ្មោះ រៀល ណុត ភេទប្រុស អាយុ65ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកភាគីម៉ូតូរងគ្រោះមានម្ចាស់ឈ្មោះឈ្មោះ មាស សុិន(ហៅពៅ) ភេទប្រុស អាយុ28ឆ្នាំ មុខរបរកសិករ រស់នៅភូមិអារក្ស័ស្វាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង និងអ្នករួមដំណើរមានឈ្មោះមាស សុថៃ ភេទប្រុស អាយុ21ឆ្នាំ មុខរបរកសិករនិងឈ្មោះ ចាន់សំណាង ភេទប្រុស អាយុ21ឆ្នាំ មុខរបរកសិករអ្នកទាំង៣មានទីលំនៅភូមិអារក្ស័ស្វាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមសាក្សីបានប្រាប់ថា មុនកើតហេតុមានបុរសម្នាក់បើកម៉ូតូម៉ាកHONDA.C125 ស៊េរីឆ្នាំ2013 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D.4564 ដោយធ្វើដំណើរពីទិសខាងជើងទៅត្បូង​ លើផ្លូវជាតិលេខ១៣ មិនប្រកាន់ស្តាំស្រាប់តែទៅបុកនិងម៉ូតូម្ខាងទៀត ជិះគ្នា៣នាក់ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឺង លាន់ដូចរន្ទះបណ្ដាលឲ្យដួលរណូករណែលកណ្ដាលផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នអ្នករងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យវៀតណាម អ្នករងរបួសដឹកមកកាន់មន្ទីរពេទ្យស្រុករមាសហែកព្រមទាំងធ្វើការវាស់វែងនិងអូសយកវត្ថុតាងម៉ូតូទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តពេលក្រោយ៕ យឹម សុថាន


ចែករំលែក៖