ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ អស់តម្លៃនឹងប្រើប្រាស់អាមេរិកឯអាមេរិកក៏បោះបង់សម្ពន្ធមិត្តប៉ាគីស្ថានដែរ

ចែករំលែក៖

នៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្មនៅប្រទេសអាហ្វហ្គានីស្ថាន អាមេរិកចាត់ទុកប៉ាគីស្ថានជាទីតាំងសំខាន់បំផុត ដោយជំនួយអន្តរាគមន៍ទាំងឡាយរបស់អាមេរិកត្រូវបញ្ជូនឆ្លងកាត់ប្រទេស ប៉ាគីស្ថាន ។ ទាំងនោះហើយបានជាអាមេរិកធ្វើអ្វីគ្រប់យ៉ាងដើម្បីយកចិត្តដល់ប្រទេសនេះឲ្យបើកផ្លូវឲ្យ ក្នុងនោះមានទាំងផ្តល់ជំនួយ រាប់រយ លានដុល្លារផងដែរ។

ពេលនេះសង្គ្រាមនៅអាហ្វហ្គានីស្ថាន ត្រូវបានចាត់ទុកថាឈានដល់ទីបញ្ចប់ ហើយអាមេរិក ក៏បានងាករេដោយចោទ ប្រកាន់ប៉ាគីស្ថានថាជាប្រទេសគាំទ្រ ផ្តល់ ទីជម្រកដល់ក្រុមភេរវកម្ម ។ ទាំងនោះ ហើយបានប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាសកាត់ជំនួយជាង ៣០០លាន ដុល្លារដល់ប៉ាគីស្ថាន។

សកម្មភាពនេះបានធ្វើឲ្យទំនាក់ទំនង រវាងអាមេរិកនឹងប៉ាគីស្ថានត្រូវបែកបាក់ ។​ក្រុមអ្នកឯកទេសវិភាគបានលើក ឡើងថា ដោយសារតែសង្គ្រាមបានបញ្ចប់ ហើយ ប៉ាគីស្ថានអស់តម្លៃនឹងប្រើប្រាស់ទៅមុខទៀត ទើបអាមេរិកសម្រេចចិត្តផ្តាច់ជំនួយបែបនេះ។ ប៉ុន្តែ រដ្ឋាភិបាលប៉ាគីស្ថានមិនខ្វល់នោះឡើយ ដោយមានចិន ជាអ្នកនៅ ពីក្រោយតែងតែផ្តល់ជំនួយ ដល់ប្រទេសនេះជានិច្ចនៅពេលត្រូវការ។

ពាក់ព័ន្ធនឹងស្ថានភាពខាងលើរដ្ឋមន្ត្រីប៉ាគីស្ថានបាន រិះគន់យ៉ាងខ្លាំងដល់អាមេ រិក ថា ជាមិត្តបោកប្រាក។ រដ្ឋមន្ត្រីការ បរទេសប៉ាគីស្ថាន លោក Khawaja Asif បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក កំពុងតែប្រព្រឹត្តមកលើ ប្រទេសប៉ាគីស្ថាន ជាមិត្ត បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ផ្អាក ផ្តល់ជំនួយ និងប្រធានាធិបតីសហរដ្ឋ អាមេរិក ចោទប្រកាន់ទីក្រុងអុីស្លាម៉ាបាដ ថា បានកំហុកបោកប្រាស អស់រយៈកាល ជាច្រើនឆ្នាំ។

យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ Yahoo News នៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៨ មេដឹកនាំប្រឆាំង លោក Imran Khan បានមានប្រសាសន៍ថា វាដល់ពេល ហើយ ដែលប្រទេសប៉ាគីស្ថាន ត្រូវផ្តាច់ ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក និងបញ្ឈប់វត្តមានការទូត និងការស៊ើប ការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក ដែលជាចំណុចយុទ្ធសាស្ត្រដ៏រសើប។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បាន ចោទប្រកាន់ ប្រទេសប៉ាគីស្ថានថា បាន និងកំពុងលេងល្បែងទ្វេដង ដោយការជួយ ដល់ក្រុមឧទ្ទាមតាលីបង់ និងពួកសកម្ម ប្រយុទ្ធអាហ្គានី ដែលកំពុងតែបង្កភាព ចលាចល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធ ចំពោះបទចោទប្រកាន់នេះ ព្រមទាំងបាន ចោទ សហរដ្ឋអាមេរិកវិញ ថាមិនគោរព ចំពោះការលះបង់ ដ៏ធំរបស់ប៉ាគីស្ថាន ដែលមានជនរងគ្រោះរាប់ម៉ឺននាក់ នៅ ក្នុងការច្បាំងប្រយុទ្ធ ចំពោះអំពើភេរវកម្ម។

ក្រសួងការបរទេសអាមេរិក បាន ប្រកាសជាផ្លូវការ នូវការផ្អាកជំនួយយោធា ដល់ប្រទេសប៉ាគីស្ថាន។ ការប្រកាសនេះធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយដែលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបាន សរសេរសារ គំរាមផ្តាច់ជំនួយយោធាដល់ប៉ាគីស្ថាន ដែលលោកចោទថា បានកុហក ភូតភរ និងមានពុតត្បុត ក្នុងរឿងប្រយុទ្ធ ប្រឆាំងនឹងក្រុមភេរវកម្ម។ រដ្ឋាភិបាល ប៉ាគីស្ថាន នៅមិនទាន់ប្រតិកម្មអ្វីទៅនឹង ការប្រកាសរបស់ក្រសួងការបរទេស អាមេរិកនៅឡើយទេ ប៉ុន្តែប៉ាគីស្ថានរហូត មកបាន ទាត់ចោលការចោទប្រកាន់របស់ អាមេរិក និងថា ប៉ាគីស្ថាន បានបាត់បង់ ទាំងជីវិតមនុស្ស និងថវិកា ដោយសារតែ ជម្លោះប្រដាប់អាវុធក្នុងប្រទេស។

៤ថ្ងៃក្រោយ ការគំរាមផ្តាច់ជំនួយ របស់លោកដូណាល់ ត្រាំ ក្រសួងការ បរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន បានចេញសេចក្តីថ្លែងការណ៍ ប្រកាសផ្អាកជាផ្លូវការជំនួយសន្តិសុខ សម្រាប់ប្រទេសប៉ាគីស្ថាន។ យោងតាម អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert អាមេរិកនឹងផ្អាកព្យួរជំនួយដល់ប៉ាគីស្ថាន រហូតដល់ថ្ងៃដែលរដ្ឋាភិបាលប៉ាគីស្ថានយល់ព្រមចាត់ វិធានការដាច់ណាត់ ដើម្បី ប្រយុទ្ធ ប្រឆាំងនឹងក្រុមតាលីបង់ អាហ្វហ្គានីស្ថាន ហើយនិងក្រុមអាហ្គានី ដែលជាគ្នីគ្នា។ អាមេរិកបានចាត់ទុក ក្រុមតាលីបង់ អាហ្វាហ្គានីស្ថាន និងក្រុមអាហ្គានី ថា ជាក្រុមកំពុងបង្កអសន្តិសុខ នៅក្នុងតំបន់ និងបើកការវាយប្រហារទៅលើកងទ័ព អាមេរិក នៅក្នុងទឹកដីប៉ាគីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការ បរទេស អាមេរិកមិនបានបញ្ជាក់ពីបរិមាណជំនួយ ដែលអាមេរិកនឹងផ្អាក លែងផ្តល់ ទៅឲ្យប៉ាគីស្ថាននោះទេ។ ប៉ុន្តែមន្រ្តីរបស់ រដ្ឋបាលលោកដូណាល់ ត្រាំ ដែលសុំមិន បញ្ចេញឈ្មោះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានReutersថា កញ្ចប់ជំនួយសន្តិសុខដែលអាមេរិកផ្អាក មានប្រមាណ ២៥៥លានដុល្លារ ដែលប្រើសម្រាប់ផ្ទេរគ្រឿងសព្វាវុធ និងសម្រាប់សង រដ្ឋាភិ បាលប៉ាគីស្ថាន ដែលបានចំណាយថវិកា ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមភេរវ កម្មនៅប៉ាគីស្ថាន។

នៅថ្ងៃព្រហស្បតិ៍មុន មន្រ្តីក្រសួងការ បរទេសអាមេរិកបានបញ្ជាក់ផងដែរថា អាមេរិក តាមពិតទៅ បានផ្អាកម្តងហើយ នៅឆ្នាំ ២០១៧ ដោយមិនបានប្រគល់ ជំនួយ ២៥៥លានដុល្លារ ទៅឲ្យកងទ័ព ប៉ាគីស្ថានទេ ដោយសារតែជំហរមិនច្បាស់លាស់របស់ក្រុងអុីស្លាម៉ាបាដ។

វ៉ាស៊ីនតោន កន្លងមកធ្លាប់បានចោទ ប្រកាន់មន្រ្តីទទួលខុសត្រូវប៉ាគីស្ថានថា ហាក់ធ្វើមិនដឹង មិនឮ ឬអាចស៊ុមគ្រលំ ជាមួយក្រុមជីហាដ ដែលប្រើប្រាស់ទឹកដី ប៉ាគីស្ថាន សម្រាប់វាយប្រហារទៅលើកងទ័ពអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយ សហរដ្ឋអាមេរិក។ នៅថ្ងៃបើកសម្ពោធឆ្នាំថ្មី ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានសរសេរចោទប្រកាន់ ប៉ាគីស្ថានថា បានទទួលជំនួយយោធារាប់ពាន់លានដុល្លារ ពីអាមេរិក ប៉ុន្តែគ្មានបានផ្តល់អ្វីតបស្នង មកអាមេរិក ក្រៅតែពីការកុហក ពុតត្បុត និងផ្តល់ជម្រកដល់ក្រុមភេរវជនដែល អាមេរិកកំពុងប្រមាញ់ចេញពីទឹកដី អាហ្វ ហ្គានីស្ថាន៕ ម៉ែវ សាធី


ចែករំលែក៖