ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួន ក្រោយពីឆែកឆេរ រកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូចជាប់នឹងខ្លួន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឯម ភារី នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ហ៊ុន ម៉ាញ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងឈររេរា ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូច ដែលជនសង្ស័យលាក់ទុកជាប់នឹងខ្លួន ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនយកមកកាន់ប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដើម្បីសាកសួរតែម្តង ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនខាងលើនេះ ពីគេក្នុងបំណងយកមកលក់បន្តពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ