ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកអាចនឹងពិភាក្សាជាមួយកូរ៉េខាងជើងតាមទូរស័ព្ទ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៧ ខែមករា បានប្រកាសថា លោកត្រៀមលក្ខណៈពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយសង្ឃឹមថា នឹងមានទំនាក់ទំនងល្អប្រសើរបន្ទាប់ពីមានកិច្ចពិភាក្សារវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូងរួចមក។

សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសត្រៀមលក្ខណៈពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន តាមទូរស័ព្ទ។ សកម្មភាពខាងលើរបស់លោក ត្រាំ កើតឡើងក្រោយពេលមេដឹកនាំកូរ៉េខាងជើងបានយល់ព្រមតភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងសេអ៊ូលសម្រេចផ្អាកសកម្មភាពធ្វើសមយុទ្ធជាមួយអាមេរិក ដើម្បីកាត់បន្ថយសភាពការណ៍តានតឹង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន តែងតែប្រឈមមុខតានតឹងដាក់គ្នា ដោយមេដឹកនាំទាំង២ប្រើប្រាស់សង្គ្រាមពាក្យសម្តី ឌឺដងដាក់គ្នា និងគំរាមវាយប្រហារទៅវិញទៅមកដោយបរមាណូ។

លោក ត្រាំ ថា នៅពេលនេះមានការពិភាក្សារវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង ដើម្បីជួយកាត់បន្ថយសភាពការណ៍តានតឹង និងឈានដល់កិច្ចពិភាក្សាជាន់ខ្ពស់បញ្ចប់វិវាទ។ នៅពេលនេះ កិច្ចពិភាក្សាផ្តោតសំខាន់ទៅលើការប្រកួតកីឡាអូឡាំពិចរដូវរងា នេះជាការចាប់ផ្តើមផលវិជ្ជមានមួយ។

មេដឹកនាំកូរ៉េខាងជើងបានប្រកាសថា នឹងបញ្ជូនគណៈប្រតិភូដែលមានសមាជិក៥នាក់ដឹកនាំដោយលោក Ri Son Gwonជាអ្នកទទួលបន្ទុកដោះស្រាយបញ្ហាបរមាណូកូរ៉េខាងជើងជាប្រធាន។

កន្លងមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការសាទរចំពោះកិច្ចចរចាដោយផ្ទាល់រវាងកូរ៉េខាងត្បូង និឹងកូរ៉េខាងជើងស្ដីពីការចូលរួម ព្រឹត្តិការណ៍កីឡាអូឡាំពិចរដូវរងាឆ្នាំ២០១៨ នៅឯក្រុង Pyeongchangនៅខែកុម្ភៈខាងមុខនេះ។ តែព្រមពេលជាមួយគ្នានេះ លោកបានអះអាងថា កិច្ចចរចានេះ នឹងមិនអាចកើតឡើងឡើយបើគ្មានរូបគាត់។

ការថ្លែងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ NBC News កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះដែរ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ឱ្យពួកគេ (កូរ៉េខាងត្បូង និងកូរ៉េខាងជើង) បន្តចរចាគ្នាបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិច ហើយបើពេលវេលាអំណោយផល យើងនឹងចូលរួមកិច្ចចរចានេះ»។ លោក ត្រាំ បន្ថែមថា «បើសិនជាគ្មានខ្ញុំ ក៏គ្មានកិច្ចចរចារវាងពួកគេដែរនៅពេលនេះ ហើយពួកគេនឹងមិនចរចាគ្នានោះឡើយ»។

គួរបញ្ជាក់ថា កិច្ចចរចាលើកចុងក្រោយកម្រិតខ្ពស់រវាងកូរ៉េខាងត្បូង នឹងកូរ៉េខាងជើង ត្រូវបានធ្វើឡើងម្ដងរួចមកហើយ កាលពីខែធ្នូ ឆ្នាំ២០១៥។ ប៉ុន្តែភាពតានតឹងរវាងប្រទេសទាំង២បានធូរស្រាលត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ រីឯកូរ៉េខាងជើងនៅតែបន្តបាញ់សាកល្បងមីស៊ីល និងធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់៕ ម៉ែវ សាធី


ចែករំលែក៖