ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបុរស២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ឃាត់ខ្លួន និងឆែកឆេររកឃើញគ្រឿងញៀនចំនួន២កញ្ចប់ធំ រួមនិងឧបករណ៍ជក់ព្រមទាំងថង់សម្រាប់វេចខ្ចប់មួយចំនួនទៀត នៅក្នុងផ្ទះជួលម្តុំផ្សារប៉េសេ ។

ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែងម្ដុំផ្សារប៉េស្សេ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

យោងតាមប្រភពពីលោកវរសេនីយ៍ត្រី ម៉េង វិមានដារ៉ា អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផ្នែក​យុត្តិធម៌ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ខ សហការជាមួយ​និងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ​ដោយបានតាមដានដឹងថាមុខសញ្ញាសង្ស័យជាអ្នកជួញដូរ និងចែកចាយគ្រឿងញៀន បន្ទាប់ពីឃើញមុខសញ្ញាដែលបង្ហាញខ្លួននៅតាមផ្លូវ ហើយកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់នេះតែម្ដង និងបន្តទៅឆែកឆេរផ្ទះជួល ដែលជាកន្លែងប្រើប្រាស់ និងរកឃើញគ្រឿងញៀនក្រាមសថ្លា(ម៉ាទឹកកក) ចំនួន២កញ្ចប់ថង់ធំ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាំងគ្រឿងញៀន ២កញ្ចប់ធំ ត្រូវបានបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ និងឃាត់ខ្លួនបណ្ដោះអាសន្ន ចាត់ការបន្តតាមនីតិវិធី៕ ស តារា


ចែករំលែក៖