ភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ បានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនបន្តដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលសម្ងំលាក់ខ្លួនពួនក្នុងឃ្លាំងទុកចោលនៅមួយកន្លែង ដែលស្ថិតនៅជិតគុយទាវឆ្ងាញ់ ភូមិព្រែកតានូសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ស៊ុំ រិទ្ធី សហការជាមួយលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និងកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ ហើយមុននិងឈានដល់ការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកកិច្ចប្រជុំ និងឯកភាពសម្រេច ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន និងឆ្លើយតបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងបានចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ជាលិទ្ថផលដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងសម្ភារពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត។ ចំណែកអ្នកញៀនល្បែងស៊ីសងចំនួន៤នាក់ និងស្ត្រីម្នាក់ដែលជាអ្នកមើលការខុសត្រូវម្នាក់ ហើយត្រូវបាននាំយកទៅអប់រំណែនាំ នៅឯសាលាខណ្ឌមានជ័យ។
ក្រោយចុះបង្ក្រាប វត្ថុតាងដែលដកហូតបានខាងលើនេះ ត្រូវយកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យ រង់ចាំកម្ទេចចោលតាមក្រោយ ។
សូមបញ្ជាក់ឲ្យដឹងដែលថា អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ បានលើកឡើងក្នុងពេលប្រជុំកាលពីដើមខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះថា លោកក្រើនរំលឹកខ្លាំងៗដល់អស់លោក ចៅសង្កាត់នឹងនាយប៉ុស្តិ៍ទាំង៧ សង្កាត់ត្រូវរាយការណ៍ពីភាពអសកម្មមកថ្នាក់លើ ជាពិសេសបញ្ហាល្បែងស៊ីសង គ្រប់ប្រភេទ មានហ្គេមបាញ់ត្រី ភ្នាល់បាល់ នឹងទីកន្លែងបញ្ជាំផ្សេងៗ មិនត្រូវលាក់សង្ងំទុកអោយកើតបទល្មើសទើបរាយការណ៍នោះទេ។
លោកអភិបាលក៏បានដាក់បញ្ជាយ៉ាងដាច់អហង្កាកាលពីដើមខែធ្នូ២០១៧កន្លងមកនេះ ដល់អភិបាលរងដែលទទួលបន្ទុក អធិការ មេបញ្ជាការ នឹងចៅសង្កាត់ នាយប៉ុស្តិ៍ ត្រូវសហការគ្នាបង្ក្រាបអស់បាននៅល្បែងស៊ីសង ថ្នាក់ក្រោមធ្វើមិនបាន ឬមិនហ៊ានចូលបង្ក្រាប ត្រូវធ្វើរបាយការណ៍នឹងរាយការណ៍ជូនថ្នាក់លើ ដើម្បីមានវិធានការបន្ត ដោយពិនិត្យនិងទទួលផែនការ ការងារសន្តិសុខសណ្តាប់ធ្នាប់ដែលលោកបានដាក់ចេញឲ្យអនុវត្តន៍កន្លងមក ពិសេសលើការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានខណ្ឌមានជ័យឲ្យអស់ ចាប់ពីពេលនេះទៅ ថ្ងៃខាងមុខគឺមិនត្រូវរក្សាទុក ឬធ្វើមិនដឹងអំពីបនល្បែង ផ្សេងៗមាននៅក្នុងមូលដ្ឋានអស់លោកទៀតទេ! ហើយបើមិនធ្វើ! មានគេធ្វើជំនួសអស់លោក។
លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ រាល់បញ្ហាអនុវត្តផ្លូវច្បាប់ទៅលើទីតាំងបទល្មើសជាក់ស្តែង គឺអនុវត្តបានទៅតាមស្ថានភាពជាក់ស្តែងតាមនីតិវិធីបាន ហើយប្រធានគណៈបញ្ជាការឯកភាពមានសិទ្ធិគ្រប់គ្រាន់តាមអំណាចច្បាប់ ក្នុងការចាត់ចែង និងដោះស្រាយបទល្មើសដែលបាន និងកំពុងមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន ។
លោកអភិបាលក៏បានថ្លែងឲ្យដឹងទៀតថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព យើងទាំងអស់គ្នាត្រូវតែធ្វើដោយមិនយោគយល់ អនុគ្រោះឲ្យបុគ្គលណា? ឫម្ចាស់ទីតាំងណា? ផ្តល់ទីកន្លែងឲ្យប្រព្រឹត្តបើកបនល្បែងស៊ីសងផ្សេងៗជ្រកក្រោមផ្លាកធ្វើអាជីវកម្មទៀតឡើយ។ បើមាន ម្ចាស់ទីតាំងទាំងនោះ ត្រូវតែទទួលខុស ត្រូវចំពោះផ្លូវច្បាប់ រួមជាមួយការបាត់បង់នៅសំភារៈឫឧបករណ៍ផ្សេងៗដែលបំរើ ឲ្យផលប្រយោជន៍ពីល្បែងទាំងនោះ។
ជាចុងក្រោយលោក ពេជ្រ កែវមុនី ក្នុងនាមលោកជាអភិបាលខណ្ឌមានជ័យ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ សូមស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ៕ តាឡឹម