ភ្នំពេញ៖ ពលរដ្ឋប្រទះឃើញបុរសអនាថាម្នាក់ស្លាប់ដោយមិនដឹងមូលហេតុ ស្ថិតនៅក្នុងស្រះទឹកកាលពីថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៧ នៅចំណុចក្បែរផ្លូវ១៩៦៤ ក្រុម៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានចុះមកពិនិត្យ។
សមត្ថកិច្ចថា សពបុរសខាងលើមិនមានសាច់ញាតិទេជាជនអនាថា តែងតែដើរទៅមកយូរឆ្នាំហើយ ប្រជាពលរដ្ឋក្នុងភូមិហៅគាត់ថា តាបិតចេកៗ ប៉ុណ្ណោះ។
បុរសឈ្មោះ ឈឿម ម៉ាន ប្រាប់ថា ជនរងគ្រោះឈ្មោះ ចំរើន មានស្រុកកំណើតភូមិខ្ទួយ ឃុំម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គាត់មានក្រុមគ្រួសារនៅភូមិព្រៃខ្ពម ស្រុកមង្គលបុរី ខេត្តតាកែវ តែមានសតិមិនប្រក្រតីទើបចេញពីស្រុក។
សពបុរសខាងលើត្រូវបានយកទៅបូជានៅវត្តក្រាំងធ្នង៕ តុង សីហា