ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ បញ្ហាសន្តិសុខនៅក្រុងកំពង់ចាមត្រូវបានគ្រប់គ្រងដោយក្មេងទំនើង

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម សង្កេតឃើញថា មួយរយៈចុងក្រោយនេះ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងទីក្រុងមួយនេះ ត្រូវបានគ្រប់គ្រងដោយក្មេងទំនើង ។ រីឯមន្ត្រីប៉ូលិស មិនបានរួមចំណែកក្នុងការកាត់បន្ថយសេចក្តីខ្វល់ខ្វាយរបស់ប្រជាពលរដ្ឋនោះឡើយ ។ ផ្ទុយទៅវិញ ក្រុមក្មេងទំនើងកាន់តែពង្រីកសកម្មភាព ។ ដូច្នេះប្រជាពលរដ្ឋ រស់នៅក្នុងសេចក្តីភ័យខ្លាចជារៀងរាល់ថ្ងៃ។

ជាក់ស្តែងថ្មីៗនេះ ក្រុមយុវជនទំនើងបាន​បើក​ការប្រយុទ្ធគ្នានៅចំណុចក្រោមស្ពានគីហ្សូណាយ៉ាងសាហាវព្រៃផ្សៃ។ ពួកគេជិះម៉ូតូប្រដេញគ្នា កាប់ចាក់គ្នាដូចរឿងចិនហុងកុង ដោយគ្រាន់តែភាគីម្ខាងសំឡឹងមុខភាគីម្ខាងទៀត។ ក្រុមយុវជនទំនើងទាំងនោះ មិនខ្លាចរអារសមត្ថកិច្ចអ្វីបន្តិចឡើយ ស្របពេលដែលសមត្ថកិច្ចក៏មិនដែល​បញ្ចេញថ្វីដៃបង្ក្រាបក្រុមយុវជនទំនើងទាំងនោះដែរនោះ។

កាលពីយប់ថ្ងៃអាទិត្យ មានករណីផ្ទុះអាវុធ១គ្រាប់ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចជាខ្លាំងផងដែរ ។ អាជ្ញាធរក្រុងកំពង់ចាមស្ងាត់ស្ងៀម ធ្វើមិនដឹងមិនឮចំពោះបញ្ហា​អសន្តិសុខទាំងនេះ ក្នុងពេលដែលប្រជាពលរដ្ឋកំពុងរងា ។

ក្នុងនាមប្រជាពលរដ្ឋដែលមានលំនៅឋានក្នុងក្រុងកំពង់ចាមសង្ឃឹមថា លោកអភិបាលខេត្ត ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច មេត្តា​ជួយ​កាត់បន្ថយសេចក្តីភ័យខ្លាចរបស់ប្រជាពលរដ្ឋផង ៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖