ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ពួកមន្ត្រីជលផលខេត្តតាកែវថា បើមិនអនុញ្ញាតឲ្យវៀតណាមចូលនេសាទ ក៏ធនធានជលផលហូរទៅវៀតណាមដែរ

ចែករំលែក៖

វាពិតជាត្រឹមត្រូវដែលពួកមន្ត្រីជលផលខេត្តតាកែវ នាំមុខដោយលោកសៅ កុសល និយាយបែបសមស្របថា ធនធានជលផលក្នុងខេត្តតាកែវ ជាប់ព្រំដែនប្រទេសវៀតណាម បើមិនអនុញ្ញាតឲ្យបណ្តាជនវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរទេនោះ ធនធានទាំងនោះនឹងហូរតាមទឹកទៅប្រទេសវៀតណាម ដែលជាប្រការធ្វើឲ្យខាតបង់។ ដូច្នេះហើយ ពួកមន្ត្រីជលផលត្រូវមានយុទ្ធសាស្ត្រក្នុងការ​អនុញ្ញាតឲ្យបណ្តាជនវៀតណាមចូលមកនេសាទ ហើយយកប្រាក់។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុកឈឺចាប់ខ្លោចផ្សា ព្រោះថានៅពេលដែលពួកគាត់ចូលនេសាទ នឹងត្រូវពួកមន្ត្រីជលផលចាប់បង្ក្រាបមិនខាន ។

ពួកមន្ត្រីជលផលខេត្តតាកែវ ដឹកនាំដោយ​លោកសៅ កុសល ហែហមដោយគូកនប្រចាំស្រុកអង្គរបុរី មានឈ្មោះខឹម ប៊ុនថន និងឈ្មោះអ៊ឹម ផាតជាដើម គឺជាសកម្មជនដែល​គៀងគរឲ្យជនជាតិវៀតណាមចូលមកនេសាទ និង​ប្រមូលធនធានជលផល យកទៅប្រទេសវៀតណាម។ ទូកកន្ទុយកណ្តុររបស់អ្នកនេសាទវៀតណាមរាប់រយគ្រឿងចូលមកប្រមូលធនធានជលផល សូម្បីតែក្តាម ខ្យង… ពួកគេបង់ប្រាក់ឲ្យលោកអ៊ឹម ផាត ក្នុងមួយទូកយ៉ាងហោចណាស់៨០០ដុល្លារ ។ ការនេសាទនៅនឹងកន្លែង ដូចជាការដាក់សៃយ៉ឺន, ស្បៃមុងចម្ងាយរាប់ពាន់ម៉ែត្រត្រូវបង់ប្រាក់ឲ្យលោកអ៊ឹម ផាតយ៉ាងហោចណាស់ក៏២ពាន់ដុល្លារទៅ៣ពាន់៥រយដុល្លារតាមចម្ងាយរបាំងព្រួល ឬ​សៃយ៉ឺន ។ លោកអ៊ឹម ផាត ទាក់ទងជាមួយពួកអ្នកនេសាទវៀតណាម ដែលមានមេខ្យល់ឈ្មោះ ង្វៀង ចាន់ត្រាយ ជាអ្នកប្រមូលទូកវៀតណាមចូលមកនេសាទក្នុងដីខ្មែរ ហើយក៏ជាអ្នកយកលុយឲ្យលោកអ៊ឹម ផាត។

អាជ្ញាធរខេត្តតាកែវ ជាពិសេសស្រុកអង្គរបុរី បានដឹងអំពី​ការអាក់អន់ស្រពន់ចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ប៉ុន្តែគេមិនអាចដោះស្រាយបាន ព្រោះវាសុទ្ធតែផលប្រយោជន៍ចូលលុយហោប៉ៅខ្លះដែរ។ រីឯថ្នាក់ដឹកនាំខេត្ត ក៏ដូចជារដ្ឋបាលជលផលយល់ស្របតាមការលើកឡើងរបស់លោកសៅ កុសល ដែលថា ធនធានជលផលទាំងនោះបើមិនឲ្យបណ្តាជនវៀតណាមចូលនេសាទទេនោះ ក៏វាគង់តែនឹងហូរតាមទឹកចូលទៅប្រទេសវៀតណាមដដែលទេ។ ប៉ុន្តែអ្វីដែលឈឺចាប់ គឺលោកអ៊ឹម ផាត ធ្លាប់បានប្រើកាំភ្លើងបាញ់អ្នកនេសាទខ្មែររត់ប្រាស់អាយូស បណ្តាលឲ្យរយះទូករួចម្តងមកហើយ៕

លោក សៅ កុសល


ចែករំលែក៖