ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកកៀររេចង្កូតទៅបុកខឿនផ្លូវថ្នល់ ដួលបោកក្បាលស្លាប់ភ្លាមៗនៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលកំពុងជិះម៉ូតូនៅតាមផ្លូវ ស្រាប់តែត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកកៀរម៉ូតូ បណ្តាលឲ្យគាត់រេចង្កូតទៅខឿនផ្លូវថ្នល់ ដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៥៥នាទីយប់ ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ចំរើន ចំរ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាបុគ្គលិកលើកក្តារបន្ទះ ស្នាក់នៅកន្លែងធ្វើការម្តុំព្រែកលៀប មានស្រុកកំណើតនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ1D-8816 ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងតាមជំនាញ រួចប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំណែកម៉ូតូត្រូវបានបញ្ចូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការស្រាវជ្រាវស្វែងរករថយន្តបង្កយកមកដោះស្រាយតាមនីតិវិធីច្បាប់ ៕ ជ្រាយពេជ្យ


ចែករំលែក៖