ព័ត៌មានទាន់ហេតុការណ៍៖

កំពុងធ្វើសំណង់ឃើញម៉ូតូគេភ្លេចដកសោ លួចបានមួយថ្ងៃ ត្រូវនគរបាលប៉ុស្តី៍គីឡូម៉ែត្រលេខ៦ចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តី៍គីឡូម៉ែត្រលេខ៦ ស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូនៅថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក នៅចំណុចមុខផ្ទះលេខ១៧៥ផ្លូវប៉េតុង ក្រុម៣ ភូមិក្រោលគោ សង្កាត់គិឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប៉េង ម៉ារីណា ហៅស្រីណាក់ ភេទស្រី អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ បាត់ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ1CO-1245 ។ ចំណែកជនសង្ស័យឈ្មោះ កុយ សាន ហៅ វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន)។

យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៩ព្រឹក ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួនដោយពុំបានយកសោរចេញពីម៉ូតូដោយទុកនៅមុខផ្ទះ ជនសង្ស័យបានធ្វើសំណង់នៅជាប់ផ្ទះនោះ ឃើញដូច្នោះ ជនសង្ស័យ ក៏បានធ្វើសកម្មភាពលួចយកម៉ូតូជិះគេចខ្លួនចេញតែម្ដង ។

ក្រោយកើតហេតុនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ប៉េង ម៉ារីណា បានមកដាក់បណ្តឹងនៅនគរបាលមូលដ្ឋាន បន្ទាប់ពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញខណ្ឌប៉ុស្តិ៍កំណត់បានមុខសញ្ញាឈានទៅឃាត់ខ្លួននៅវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅចំណុច ផ្លូវប៉េតុង ក្រុមទី៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ សម្ភារបាត់បង់ ម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CO 1254 ។

បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ អរុណរះ


ចែករំលែក៖