លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ត្រូវបានមន្ត្រីរាជការក្នុងមន្ទីរនេះ លើកឡើងថាជាមេខ្លោងធំ នៅពីក្រោយបទល្មើសកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចូលមកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រភពបានឲ្យដឹងថា ឈ្មួញឈ្មោះ វាសនា ផាន់ថានា ហៅស្នា និងឈ្មួញឈ្មោះ ស៊ី ស នៅតែបន្តប្រមូលទិញឈើប្រណីតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយដឹកជញ្ជូនចូលមកខេត្តកំពង់ស្ពឺ រួចនាំចេញតាមច្រកព្រំដែនក្នុងខេត្តតាកែវនិងខេត្តកំពត យ៉ាងរលូនព្រោះមានការ ឃុបឃិតជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធរួចទៅហើយ។ សកម្មភាពរបស់ឈ្មួញទាំង២នាក់នេះអាចប្រព្រឹត្តទៅដោយរលូនគឺ កំពុងតែធ្វើឲ្យព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។ ជាក់ស្ដែងឈ្មួញឈ្មោះ ស្នា ជាប់ឃុំក្នុងពន្ធនាគារមិនបានប៉ុន្មានផងក៏ចេញមកបន្តអាជីវកម្មប្រមូលទិញឈើប្រណីតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយដឹកជញ្ជូនចេញទៅក្រៅប្រទេសដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថាឈ្មួញឈ្មោះស៊ី ស និងឈ្មួញឈ្មោះស្នា កំពុងបង្កើនសកម្មភាពប្រមូលទិញឈើប្រណីតនិងឈើប្រភេទលេខ១ដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងពេញបន្ទុក។ មានការរិះគន់ចំៗថាទាល់តែមានការឃុបឃិតពីសំណាក់ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ទើបឈ្មួញអាចចូលទៅប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងស្រួលៗដូចសព្វថ្ងៃនេះ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ទេនោះគឺឈ្មួញឈ្មោះស៊ី ស និងឈ្មោះស្នា មិនអាចដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចូលមកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទេ។ ជាងនេះទៅទៀតទាល់តែមានការឃុបឃិតបើកពីសំណាក់មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺនិងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្អឺ ផងដែរទើបឈ្មួញអាចដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ស្ពឺ ហើយចេញទៅក្រៅប្រទេសដោយសុវត្ថិភាព។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានកត់សម្គាល់ថាឈ្មួញឈ្មោះស៊ី ស និង ឈ្មោះស្នា អាចចំណាយលុយយ៉ាងច្រើនក្នុងមួយខែៗទៅឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចបន្តសកម្មភាពប្រមូលទិញឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រេចតែអំពើចិត្ត។ បញ្ហានេះកំពុងតែធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងសេចក្តីវិនាសហើយផលប្រយោជន៍បានទៅលើក្រុមមន្ត្រីនិងសមត្ថកិច្ចពុករលួយដែលគិតគូរតែ ពីរឿងប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។ សម្រាប់ប្រជាពលរដ្ឋតូចតាចវិញគ្រាន់តែដឹកកូនឈើឬដឹកជញ្ជូនអុសបន្តិចបន្តួចត្រូវមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបយ៉ាងកំរោលដោយគ្មានការយោគយល់ឡើយ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថាបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុសនិងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ។
ប្រភពបានឲ្យដឹងទៀតថាឈ្មួញជាច្រើននាក់ដែលក្នុងនោះមានទាំងមន្ត្រីនគរបាល មន្ត្រីយោធា បានប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង យ៉ាងពេញបន្ទុកតែម្ដង។ កន្លងមកសមត្ថកិច្ចចម្រុះចាត់វិធានការបង្ក្រាបរថយន្តដឹកឈើជាបន្តបន្ទាប់នៅលើផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែងនិងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏ប៉ុន្តែការបង្ក្រាបនោះពុំមានប្រសិទ្ធភាពឡើយ ព្រោះអីបទល្មើសនៅតែកើតឡើងយ៉ាងរាលដាលដដែល៕