ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកោះហៅទណ្ឌិតសម រង្ស៊ី ចូលបំភ្លឺនៅព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ កោះហៅទណ្ឌិតសម រង្ស៊ី ចូលបំភ្លឺក្នុងនាមជនសង្ស័យ នៅព្រឹកថ្ងៃទី១១ ខែមករា នេះ តាមបណ្តឹងរបស់លោក​ វង្ស​ ភក្តី​ មេធាវីតំណាងដោយអាណត្តិរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ។

លោកព្រះរាជអាជ្ញារង សៀង សុខ កោះហៅទណ្ឌិត សម រង្ស៊ី សាកសួរពីដំណើររឿង”ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និង ប្រមាថ”។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ លោក វង្ស ភក្តី មេធាវីតំណាងដោយអាណត្តិ របស់អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់ កុំឱ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំ ស្របច្បាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ។

នៅក្នុងពាក្យបណ្តឹង បានរៀបរាប់ថា​ “នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧នេះ ឈ្មោះ សម រង្ស៊ី បានញុះញង់ឱ្យកងកម្លាំង កុំឱ្យស្តាប់បញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឱ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែង នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្ត”។

ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែរកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ព ឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ៕ចេស្តា

 


ចែករំលែក៖