ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ថា មានការចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មរួចមក កម្លាំងអាវុធហត្ថខណ្ឌមានជ័យបានបើកការស្រាវជ្រាវភ្លាមៗ រហូតកំណត់បានមុខសញ្ញាច្បាស់ កំពុងលាក់ខ្លួននៅចំណុចភូមិព្រែកទាល់ ខណ្ឌមានជ័យ ភ្លាមនោះកម្លាំងបានឆ្មក់ចុះទៅទីតាំងនោះតែម្តង ដោយជាក់ស្តែងឃាត់ខ្លួនជនសង្ស័យបាន៦នាក់ (ក្នុងនោះមានម្នាក់ ជាជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ពីបទប្លន់) រួមជាមួយថ្នាំញៀនមួយចំនួនធំ និងដកហូតបានដាវចំនួន៤ដើមផងដែរ ។
ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅតំបន់ស្មុគស្មាញ់ ស្ថិតនៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយប្រតិបត្តិការ កម្លាំងអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតបានម្សៅក្រាមសថ្លា ប្រភេទម៉ាទឹកកកមួយចំនួនធំ ដាវសាម៉ូរៃ៤ដើម រួមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ចូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា