ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងបង្រ្កាបចាប់ខ្លួន និងដកហូតថ្នាំញៀនចំនួន១០កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ លៀង សិលា ហៅខ្លា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ ព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១០កញ្ចប់តូច និងប្រាក់រៀលចំនួន១ពាន់រៀល ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដស្រុកស្អាង ដែលសមត្ថកិច្ចបានកំណត់និងតាមដានជាយូរមកហើយ លុះដល់ថ្ងៃកើតហេតុខាងលើ សមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅភូមិព្រែកត្រែង ឃុំសិត្បូ ភ្លាមនោះសមត្ថកិច្ចទៅដល់កន្លែងកើតហតុក៏បានត្រួតពិនិត្យលើខ្លួនឈ្មោះ លឿន សិលា បានប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនប្រភេទម៉ាទឹកកចំនួន១០កញ្ចប់តូច ឈានដល់ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍រដ្ឋបាលសិត្បូដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ លឿន សិលា បានសារភាពថា ខ្លួនពិតជាបានទិញម្សៅក្រាមពណ៌សថ្លាខាងលើពីជនម្នាក់ នៅចំនុចភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ចំនួន១កញ្ចប់ធំ ក្នុងតម្លៃ១០ម៉ឺនរៀល រួចយកមករំលែកវេចខ្ចប់ជាកញ្ចប់តូចបានចំនួន១១កញ្ចប់ហើយប្រើប្រាស់(ជក់)អស់១កញ្ចប់ សល់១០កញ្ចប់ រួចកឹបជាប់នឹងលុយក្រដាស់មួយរយរៀលចំនួនដប់សន្លឹកដើម្បី យកមកលក់បន្តក្នុង១កញ្ចប់២ម៉ឺនរៀលពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបានស្រុកស្អាងដើម្បីបន្តអនុវត្តតាមនីតិវិធី ៕ ស្អាងជ័យ