ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីវ៉ា ត្រៀមបង្ហាញមុខក្រោយកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ

ចែករំលែក៖

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ កញ្ញាឃីន ស្រីនាថ ហៅ អ៊ីវ៉ា នឹងបង្ហាញវត្តមានក្នុងផលិតកម្មហង្សមាសក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការបង្ហាញវត្តមានរបស់នាង នឹងត្រូវធ្វើឡើងក្រោយពីការប្រកាសចេញមុខរបស់កូនប្រុសលោកព្រាប សុវត្ថិ កាលពីថ្មីៗនេះ។

អ៊ីវ៉ា បានបញ្ចប់កុងត្រាជាមួយផលិតកម្មសាន់ដេកាលពីខែតុលា ឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែនាងនៅមិនទាន់បន្តនៅឡើយ ខណៈដែលកន្លងមកនាងទទួលស្គាល់ថា ហង្សមាសពិតជាធ្លាប់ទាក់ទងនាងឲ្យចូលច្រៀងក្នុងផលិតកម្មនេះពិតមែន។ ប្រភពពីអ្នកសិល្បៈជិតដិតនាងបានលើកឡើងថា អ៊ីវ៉ាបានជ្រើសរើសផលិតកម្មហង្សមាស រួចហើយដោយរួមទាំងមានបទចម្រៀងថ្មីរួចរាល់ហើយដែរ។

ប្រភពលើកឡើងថា នាងចុះកិច្ចសន្យាថ្មីជាមួយហង្សមាស ក្រោយបិទមិនទទួលយកការចរចារបស់ផលិតកម្មថោន។ មានការលើកឡើងដែរថា នាងសំឡឹងមើលទីផ្សារនៅហង្សមាសហាក់ធំ និងមានឱកាសច្រើនក្នុងការស្រូបយកប្រជាប្រិយភាព។ នាងនឹងបង្ហាញវត្តមានបទចម្រៀងនៅលើទីផ្សារក្រោយពីវត្តមានតារាចម្រៀងខេមរៈ សិរីមន្ត។ ការមិនបញ្ចេញបទចម្រៀងថ្មីក្នុងផលិតកម្មចាស់ ក៏បញ្ជាក់បានថា នាងពិតជាជ្រកក្រោមដំបូលផលិតកម្មថ្មី ហើយបទថ្មីរបស់នាង ជាលើកដំបូង នឹងសម្រិតសម្រាំងជាពិសេសផងដែរ។

ប្រភពបន្តថា នាងពិតជាពិបាកសម្រេចចិត្តក្នុងការជ្រើសរើសទ្រនំថ្មី ព្រោះតែផលិតកម្មចាស់ជាអ្នកផ្តល់កំណើតហើយផលិតកម្មថ្មីធំពីរសុទ្ធតែផ្តល់អាទិភាពឲ្យនាងខ្ពស់។ មានការលើកឡើងដែរថា អ្វីដែលធ្វើឲ្យអ៊ីវ៉ាជ្រើសរើសយកផលិតកម្មហង្សមាស ព្រោះតែផលិតកម្មនេះ ក៏នឹងផ្តល់ឱកាសសម្រាប់នាងច្រើនដូចតារាចម្រៀងសុខស្រីនាងដែលបានទាំងបទចម្រៀងល្អ និងឱកាសថតភាពយន្តនោះ។ ប៉ុន្តែអ្វីដែលនាងប្រឈមគឺនឹងត្រូវប៉ះជើងខ្លាំងជាច្រើនក្រោម ដំបូលផលិតកម្មហង្សមាសមានទាំងសុគន្ធ នីសា, ឱក សុគន្ធកញ្ញា និងតារាជើងចាស់ពេជ្រ សោភា ជាដើម៕ វឌ្ឍនា


ចែករំលែក៖