បណ្តាញទូរទស្សន៍ចិនបានផ្សាយថា នាវាដឹកប្រេងSanchiរបស់អ៊ីរ៉ង់ដែលបុកនឹងនាវាដឹកទំនិញ Crystal នៅជិតកំពង់ផែទីក្រុងសៀងហៃ ប្រទេសចិន កាលពិសប្តាហ៍កន្លងមកពេលនេះ បានលិចចូលបាតសមុទ្រហើយ។
អ្នកនាំពាក្យកម្លាំងជួយសង្គ្រោះអ៊ីរ៉ង់បានបញ្ជាក់ថា គ្មានសង្ឃឹម រកឃើញនាវឹកនៅរស់ក្នុងចំណោមនាវឹកទាំង៣២នាក់ មានវត្តមាននៅលើនាវាដឹកប្រេងSanchi។ ប្រភពព័ត៌មានពី សមាជិកនាវឹក នៅលើនាវាដឹកទំនិញ Crystal បានបញ្ជាក់ថា នាវឹកទាំងអស់នៅលើនាវាដឹកប្រេងអ៊ីរ៉ង់បានស្លាប់ តាំងពីពេលដំបូង ដែលជួបគ្រោះថ្នាក់ដោយសារតែការផ្ទុះយ៉ាងខ្លាំង។
បើទោះបីខិតខំអស់ពីសមត្ថភាព ប៉ុន្តែក្រុមជួយសង្គ្រោះមិនអាចពន្លិតភ្លើង ដែលកំពុងឆេះនៅលើនាវាដឹកប្រេងនោះឡើយដើម្បីបញ្ជូនសាកសពជនរង្គ្រោះ ចេញពីនាវានោះ ដោយសារតែមានការផ្ទុះជាបន្តបន្ទាប់។ នៅពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការលិចហៀរប្រេងចូលសមុទ្រនៅឡើយ ប៉ុន្តែការលិចនាវានោះ អាចបង្កឲ្យមានការហៀប្រេងជាមិនខាន។
ហេតុការគ្រោះថ្នាក់កើតឡើងនៅថ្ងៃទី៦ខែមករាកន្លងមក នៅពេលដែលនាវាដឹកប្រេង ១៣៦ពាន់តោនពីអ៊ីរ៉ង់ទៅកាន់កូរ៉េខាងត្បូង ក៏បានឆាប់ឆេះក្រោយពេល បុកជាមួយនាវាដឹកទំនិញ CF Crystal របស់ចិន។ នាវឹកនៅលើនាវាដឹកទំនិញរបស់ចិនត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលាមិនបណ្តាលឲ្យរងរបួសធ្ងន់នោះឡើយ។
ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក នាវាដឹកប្រេងរបស់អ៊ីរ៉ង់ឆាបឆេះរហូត ហើយរសាត់ចូលទៅដែនសមុទ្ររបស់ប្រទេសជប៉ុន ។ មកទល់ពេលនេះ មានសាកសព៣នាក់ត្រូវបានគេរកឃើញ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺជាលើកទីពីរហើយសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនអ៊ីរ៉ង់ ក្នុងរយៈពេលជិត១ឆ្នាំកន្លះ។ កាលពីខែសីហាឆ្នាំ២០១៦ ក៏មានហេតុការណ៍ នាវាដឹកប្រេង បុកនឹងនាវាដឹកទំនិញ របស់ប្រទេសស្វ៊ីស ចតនៅឈូងសមុទ្រសឹង្ហបុរី បណ្តាលឲ្យនាវាទាំងពីររងការខូចខាតតែមិនបណ្តាលឲ្យមានអ្នកស្លាប់នោះឡើយ៕ ម៉ែវ សាធី