ខេត្តក្រចេះ៖ បុរសជាកម្មករជីកដីមានវ័យចំណាស់ម្នាក់បានស្លាប់នៅក្នុងរណ្តៅដីប្រឡាយជម្រៅជិត១ម៉ែត្រ ដោយសារតែត្រូវដីបាក់សង្កត់ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចថ្លែងថា បុរសរងគ្រោះជាកម្មកររូបនេះអាយុ៥៣ឆ្នាំ មានទីលំនៅខេត្តព្រៃវែង បានបាត់បង់ជីវិតភ្លាមៗក្នុងហេតុការណ៍ស្មានមិនដល់ គឺបាក់ដីប្រឡាយសង្កត់លើនៅក្នុងខ្សែប្រឡាយដែលមានទទឹងប៉ុនខ្លួនមនុស្សជម្រៅ១ម៉ែត្រ ពេលដែលកំពុងតែជីកនៅតាមចិញ្ចើមផ្លូវជាតិក្នុងទីប្រជុំជនខេត្តក្រចេះ។
នគរបាលព្រហ្មទណ្ឌបានកំណត់ថា បុរសរងគ្រោះបានស្លាប់ដោយសារឧប្បត្តិហេតុបាក់ដីសង្កត់លើ ដីប្រឡាយនេះ គឺតម្រូវឲ្យជីកជម្រៅត្រឹមជិត១ម៉ែត្រ ទំហំជិតកន្លះមែត្រ ហើយជនរងគ្រោះជាកម្មកររបស់ក្រុមហ៊ុនម៉ៅការជីកកបខ្សែតបណ្តាញអគ្គិសនីក្រោមដី និងមានគំរោងជីកកបខ្សែរភ្លើងក្រោមដីពីទីរួមខេត្តឆ្ពោះទៅស្រុកឆ្លូង ៕
រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ