ខេត្តកណ្ដាល៖ ស្រ្ដីម្នាក់ជិះម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបើកក្នុងល្បឿនលឿនឈប់មិនទាន់បានបុកពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីរូបនេះទទួលរងរបួសធ្ងន់ រីឯភាគីម៉ូតូម្ខាងទៀតរងរបួសស្រាល៣នាក់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខរោងម៉ាស៊ីនកិនស្រូវឈ្មោះ សោ សំអុល លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ស្រ្ដីរងគ្រោះរបួសធ្ងន់ឈ្មោះ ឡង់ សុភ័ណ្ឌ ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CH -8383 ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1S-7796 បើកបរដោយឈ្មោះ សេង សុភាឡែន ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសស្រាល) រួមដំណើរ២នាក់ ឈ្មោះ ឈុំ ខែមរិន ភេទប្រុស អាយុ១៧ឆ្នាំ (របួសស្រាល) និងម្នាក់ទៀតឈ្មោះ ព្រឿង ចាន់និត ភេទប្រុស អាយុ២៥ឆ្នាំ (រងរបួសស្រាល ) ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញស្រ្ដីរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែស្រ្ដីរងគ្រោះបានជិះម៉ូតូបត់ឆ្វេងទៅត្បូង ខណៈដែលបត់នោះស្រ្ដីរងគ្រោះពុំបានមើលមុខមើលក្រោយនោះទេ ក៏មានម៉ូតូរបស់ជនរងគ្រោះជិះគ្នា៣នាក់បើកបរក្នុងល្បឿនលឿនក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ជ្រុលបុកពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីម្នាក់ជាអ្នកជិះបត់ឆ្លងផ្លូវទទួលរងរបួសធ្ងន់ រីឯភាគីម៉ូតូជិះគ្នា៣នាក់ទៀតទទួលរងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ស្រ្ដីរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ចំពោះករណីខាងលើនេះ គឺបណ្ដាលមកពីស្រ្ដីជាអ្នកបើកបរម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីម៉ូតូម្ខាងទៀតបើកបរក្នុងល្បឿនលឿន ទើបណ្ដាលឲ្យមានគ្រោះនេះកើតឡើង ៕ ស្អាងជ័យ